Cctimesw1140xh150cm copy

ក្រុមហ៊ុនផលិតកម្មកម្សាន្តឈានមុខមួយរបស់កូរ៉េចង់ពង្រីកការវិនិយោគរបស់ខ្លួននៅកម្ពុជា

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ទីក្រុងសេអ៊ូល៖ ក្រុមហ៊ុនផលិតកម្មកម្សាន្តឈានមុខមួយនៅលើពិភពលោករបស់កូរ៉េគឺក្រុមហ៊ុន SM Entertainment កំពុងស្វែងរកឱកាសរពង្រីកការវិនិយោគ និងប្រតិបត្តិការអាជីវកម្មរបស់ខ្លួននៅក្នុងប្រទេសកម្ពុជា ខណៈបច្ចុប្បន្ននេះ ខ្សែភាពយន្តកូរ៉េ (K-Drama) និង តន្រ្តី K-Pop កំពុងតែពេញនិយមនៅកម្ពុជា ជាពិសេសនៅក្នុងស្រទាប់យុវវ័យ។ គម្រោងពង្រីកការវិនិយោគនេះ ត្រូវបានធ្វើឡើងនាឱកាសពិភាក្សាការងាររវាងសម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ជាមួយលោកប៉ាក សុងជីន (PARK Sungjin) តំណាងក្រុមហ៊ុន SM Entertainment នៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ នាថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤។

នាឱកាសនេះ លោកប៉ាក សុងជីន បានលើកឡើងអំពីវឌ្ឍនភាពអាជីវកម្មរបស់ក្រុមហ៊ុន ដែលផ្ដោតលើការរៀបចំព្រឹត្តិការណ៍ផ្សេងៗដូចជា ការប្រគុំតន្ត្រី និងការសម្តែងសិល្បៈ ហើយបច្ចុប្បន្ននេះ ក្រុមហ៊ុនក៏កំពុងតែមានកិច្ចសហការ និងការធ្វើអាជីវកម្មនៅតាមបណ្ដាប្រទេសមួយចំនួននៅក្នុងតំបន់អាស៊ាន។ លោកប៉ាក សុងជីន បានបន្ថែមថា ក្រុមហ៊ុនកំពុងស្វែងរកឱកាសពង្រីកការវិនិយោគ និងប្រតិបត្តិការអាជីវកម្មរបស់ខ្លួននៅតាមបណ្ដាប្រទេសអាស៊ានបន្ថែមទៀត ដែលរួមមាន កម្ពុជា ជាដើម។

ជាការឆ្លើយតប សម្តេច ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ការធ្វើអាជីវកម្ម ឬការរៀបចំព្រឹត្តិការណ៍ផ្សេងៗដូចជាការប្រគុំតន្ត្រីជាដើមនេះ គឺជាការរួមចំណែកនៅក្នុងការលើកកម្ពស់ការផ្លាស់ប្ដូរវប្បធម៌ ក៏ដូចជាការទាក់ទាញទេសចរណ៍ នៃប្រទេសទាំងពីរផងដែរ។ សម្ដេចបានលើកទឹកចិត្តឱ្យក្រុមហ៊ុនសហការជាមួយស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ ដើម្បីភ្ជាប់ទំនាក់ទំនងជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក៏ដូចជាក្រសួងទេសចរណ៍កម្ពុជា ដើម្បីសិក្សាអំពីឱកាស និងសក្ដានុពលវិនិយោគលើវិស័យនេះកម្ពុជា ៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង