Cctimesw1140xh150cm copy

មណ្ឌលសុខភាព៨ក្នុងខេត្តសៀមរាប ជាមណ្ឌលសុខភាពគំរូចិញ្ចឹមកូនដោយទឹកដោះម្តាយ

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

សៀមរាប៖ ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ អង្គការទស្សនៈពិភពលោកអន្តរជាតិ ប្រចាំនៅកម្ពុជា និង Alive & Thrive / FHI360 បានបំពាក់មណ្ឌលសុខភាពចំនួន៨ក្នុងខេត្តសៀមរាប ជាមណ្ឌលសុខភាពគំរូចិញ្ចឹមកូនដោយទឹកដោះម្តាយ (BFHC) ដើម្បីវាយតម្លៃថាតើវិធីសាស្រ្តនេះមានផលវិជ្ជមានដល់ការអនុវត្តការបំបៅកូនដោយទឹកដោះម្តាយក្នុងចំណោមស្ត្រីដែលសម្រាលកូននៅក្នុងមណ្ឌលសុខភាពទាំងនោះឬទេ។ ការផ្តោតសំខាន់គឺ ផលជះនៃការចាប់ផ្តើមដំបូងនៃការបំបៅកូនដោយទឹកដោះម្តាយក្នុងរយៈពេលមួយម៉ោង បន្ទាប់ពីការសម្រាល និងការពង្រឹងការអនុវត្តការបំបៅកូនដោយទឹកដោះម្តាយបន្ថែមទៀត ដើម្បីបង្កើនសុខុមាលភាពរបស់ទារកទើបនឹងកើត និងស្រ្តីក្រោយសម្រាល។

ការសិក្សានេះត្រូវបានអនុវត្តដោយមានការសហការយ៉ាងជិតស្និទ្ធជាមួយមជ្ឈមណ្ឌលជាតិសុខភាពមាតា និងទារក និងមន្ទីរសុខាភិបាលខេត្តសៀមរាប។ សមត្ថភាពឆ្មបនៅក្នុងមណ្ឌលសុខភាពទាំងនេះមានភាពប្រសើរឡើងជាងមុន ក្រោយការអនុវត្តគម្រោងនេះអស់រយៈពេលជាងមួយឆ្នាំ តាមរយៈការបណ្តុះបណ្តាល និងការត្រួតពិនិត្យដែលផ្តោតលើការលើកកម្ពស់ការបំបៅកូនដោយទឹកដោះម្តាយ ការតាមដាន ការចុះជួបណែនាំដោយមន្ទីរសុខាភិបាលខេត្ត និងមជ្ឈមណ្ឌលជាតិសុខភាពមាតា និងទារក។

បទពិសោធន៍នៃការបំបៅកូនដោយទឹកដោះម្តាយក្នុងចំណោមម្តាយដែលសម្រាលនៅមណ្ឌលសុខភាពទាំងនេះមុន និងក្រោយអន្តរាគមន៍ត្រូវបានកត់ត្រាទុក ហើយតាមរយៈការសិក្សា បានរកឃើញថាម្តាយមានបទពិសោធន៍បំបៅកូនដោយទឹកដោះម្តាយជាវិជ្ជមាន ទទួលបានការគាំទ្រកាន់តែប្រសើរពីបុគ្គលិកមណ្ឌលសុខភាពសម្រាប់ការបំបៅកូនដោយទឹកដោះម្តាយ និងដឹងច្បាស់អំពីការបំបៅកូនដោយទឹកដោះម្តាយ។

ស្ត្រីមានផ្ទៃពោះទទួលបានការអប់រំអំពីអត្ថប្រយោជន៍នៃការបំបៅកូនដោយទឹកដោះម្តាយ ដើម្បីផ្តល់អាទិភាពដល់ការបំបៅកូននៅពេលពួកគេសម្រាល។ ភាគរយនៃម្តាយដែលបានរាយការណ៍ថា បានទទួលព័ត៌មានពីអត្ថប្រយោជន៍នៃការបំបៅកូនដោយទឹកដោះម្តាយបានកើនឡើងពី ៨៣,៧ % មុនពេលអន្តរាគមន៍ រហូតដល់ ១០០% នៅចុងបញ្ចប់នៃអន្តរាគមន៍។ ដូចគ្នាដែរ ភាគរយនៃម្តាយដែលសម្រាលកូនដោយទទួលបានការប្រឹក្សាពីសារៈសំខាន់នៃការបំបៅកូនដោយទឹកដោះម្តាយក៏បានកើនឡើងពី ៧៧,៦% មុនការសិក្សា ដល់ ១០០% នៅចុងបញ្ចប់នៃការសិក្សានេះ។ ការចាប់ផ្តើមដំបូងនៃការបំបៅកូនដោយទឹកដោះម្តាយ ក្នុងរយៈពេលមួយម៉ោងក្រោយកំណើតអាចការពារទារកទើបនឹងកើតពីការឆ្លង និងកាត់បន្ថយមរណៈភាពក្នុងចំណោមទារកទើបនឹងកើត។

មិនត្រឹមតែប៉ុណ្ណោះ ការបំបៅដោះកូន ក៏ជួយបង្កើតទំនាក់ទំនងផ្លូវចិត្តរវាងម្តាយ និងទារកផងដែរ។ ការចាប់ផ្តើមនៃការបំបៅកូនដោយទឹកដោះម្តាយក្នុងរយៈពេលមួយម៉ោងនៃកំណើតបានកើនឡើងពី ៨១,៧% មុនពេលសិក្សាដល់ ៩៨% នៅតំណាក់កាលបញ្ចប់។ ១០០% នៃទារកទើបនឹងកើត ត្រូវបានផ្តល់តែទឹកដោះម្តាយសុទ្ធក្នុងអំឡុងពេលស្នាក់នៅក្នុងមណ្ឌលសុខភាពនៅចុងបញ្ចប់នៃការសិក្សា។ 


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង