Cctimesw1140xh150cm copy

កម្ពុជា-ឥណ្ឌានឹងភ្ជាប់«ការហោះហើរត្រង់»នៅថ្ងៃទី១៦ខែមិថុនា

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ ​ក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុករបស់កម្ពុជា គឺ Cambodia Angkor Air ​បានត្រៀមខ្លួនរួចស្រេចក្នុងការបើកជើងហោះហើររបស់ខ្លួនទៅកាន់ប្រទេសឥណ្ឌា ​ចាប់ពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤ ខណៈក្រុមហ៊ុនអាកាសចរណ៍ឥណ្ឌា IndiGo ត្រូវបានរដ្ឋាភិបាលនៃប្រទេសទាំងពីរអនុញ្ញាតឱ្យបើកជើងត្រង់ហើរត្រង់មកកម្ពុជា ចាប់ពីខែតុលា ឆ្នាំ​​២០២៤។នេះបើយោងតាមលោក ស៊ិន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ​អាកាសចរណ៍ស៊ីវិល​។

លោក ស៊ិន ចាន់សិរីវុត្ថា បានប្រាប់ ស៊ីស៊ីថាមស៍ថា ថ្ងៃនៅទី១៦ ខែមិថុនា ខាងមុខនេះ ក្រុមហ៊ុនអាកាសចរណ៍​​ Cambodia Angkor Air នឹងចាប់ផ្តើមបើកការហោះហើរត្រង់ទៅប្រទេសឥណ្ឌា ដោយធ្វើឡើង៣ជើងក្នុងមួយសប្តាហ៍។ ហើយនៅថ្ងៃទី១៤ មិថុនា ក្រុមហ៊ុននេះនឹងបើកសម្ពោធជើងហោះហើរដំបូងជាផ្លូវការ នៅប្រទេសឥណ្ឌា ដើម្បី​ផ្សព្វផ្សាយបង្ហាញពីកម្មវិធីហោះហើរនេះ។ ​

ដោយឡែកកម្មវិធីហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ IndiGo វិញ លោកបានគូសបញ្ជាក់ថា បើគ្មានអ្វីប្រែប្រួលទេ ក្រុមហ៊ុនអាកាសចរណ៍ IndiGo របស់ឥណ្ឌា នឹងបើកការហោះហើរត្រង់ពី ទីក្រុង​ញូវដេលី មកសៀមរាប ចាប់ពី​ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៤ ដោយធ្វើការហោះហើរ៧ជើងក្នុងមួយសប្តាហ៍។ក្រុមហ៊ុនអាកាសចរណ៍ IndiGo បានស្នើសុំហោះហើរលើដំណាក់ផ្លូវ DEL- SAI - DEL និង លើដំណាក់ផ្លូវ BOM - SAI - BOM ចំនួន៧ជើងក្នុងមួយសប្តាហ៍ ​ក្នុងគោលដៅ ញូវដេលី-អាកាសយានដ្ឋានសៀមរាបអង្គរ។

​លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជា ​បានលើកឡើងថា ឥណ្ឌា គឺជាទីផ្សារទេសចរណ៍ដ៏ធំមួយ សម្រាប់ពិភពលោក បន្ទាប់ពីចិន ដូច្នេះហើយការបើកជើងហោះហើរត្រង់រវាងកម្ពុជា-ឥណ្ឌា គឺជាសញ្ញាណល្អមួយ ក្នុងការទាក់ទាញប្រជាជនឥណ្ឌា ធ្វើដំណើរកម្សាន្តមកកម្ពុជា។

សម្រាប់អ្នកជំនាញរូបនេះ បើឥណ្ឌា​ចាប់អារម្មណ៍ត្រឹមតែ ៥% ទៅ១០% នឹងចូលរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា តាមរយៈវិស័យទេសចរណ៍ ខណៈដែលកន្លងមកកម្ពុជា ទទួលបានភ្ញៀវឥណ្ឌាក្នុងកម្រិតមធ្យមប៉ុណ្ណោះ​ ដោយសារតែគ្មានជើងហោះហើរត្រង់ ​ហើយអ្នកដែលមានលទ្ធភាពមិនចូលចិត្តការជិះយន្តហោះ​ដែលមានផ្ទេរពីមួយទៅមួយ​នោះទេ ដូច្នេះហើយ​ការហោះហើរត្រង់នេះ នឹងទាក់ទាញដល់ភ្ញៀវ ដែលមានសក្តានុពល និងភ្ញៀវដែលមានលទ្ធភាពច្រើនមកកម្ពុជា៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង