សៀមរាប៖ អាជ្ញាធរជាតិអប្សរា នឹងបើកឡើងវិញការទស្សនាថ្ងៃលិចនៅប្រាសាទប្រែរូប ចាប់ពីថ្ងៃទី១៦ ឧសភា តទៅ បន្ទាប់ពីបានបិទការទស្សនាថ្ងៃលិចកាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២០។
នៅបណ្ដោយកម្រាលនៃខឿនលើបង្អស់ផ្នែកខាងលិច ដែលជាទីតាំងទស្សនាថ្ងៃលិច មានកម្រាលថ្មរំកិលចេញពីទីតាំងដើមដែលអាចបង្កគ្រោះថ្នាក់ដល់ភ្ញៀវទេសចរ។ ដូច្នេះអាជ្ញាធរជាតិអប្សរា បានបិទការទស្សនាថ្ងៃលិចនៅប្រាសាទប្រែរូប ជាបណ្ដោះអាសន្នកាលពីខែកញ្ញា ឆ្នាំ ២០២០ កន្លងទៅ។ បន្ទាប់ពីចំណុចគ្រោះថ្នាក់នៃប្រាសាទជួសជុលរួចរាល់ អាជ្ញាធរជាតិអប្សរា បានប្រកាសពីការបើកឱ្យមានការទស្សនាថ្ងៃលិចឡើងវិញ ចាប់ពីថ្ងៃទី១៦ ឧសភា តទៅ ។
សូមជម្រាបថា ប្រាសាទប្រែរូប មានទីតាំងនៅខាងកើតឆៀងខាងជើងស្រះស្រង់ចម្ងាយ ៥០០ ម៉ែត្រ និងនៅទិសខាងត្បូងបារាយណ៍ខាងកើត។ ប្រាសាទនេះត្រូវបានកសាងឡើងនៅពាក់កណ្ដាលសតវត្សរ៍ទី ១០ ក្នុងរជ្ជកាលព្រះបាទរាជេន្ទ្រវរ្ម័នទី ២ (ឆ្នាំ ៩៤៤-៩៦៨) ដើម្បីឧទ្ទិសដល់ព្រាហ្មណ៍ សាសនា ព្រះសិវៈ ក្នុងរចនាប័ទ្មប្រែរូប៕