681 ezgif.com resize
Swift cc time

ក្រសួងបរិស្ថានប្រកាសដាក់ឱ្យអនុវត្តយុទ្ធនាការ«កម្ពុជាស្អាត ខ្មែរធ្វើបាន»ថ្ងៃនេះ

សង្គម
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/
លោក អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន

ភ្នំពេញ៖ ក្រសួងបរិស្ថាន ប្រកាសបើកយុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» ចាប់ពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ នេះតទៅ។ ការចាប់ផ្តើមយុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» បន្ទាប់ពីការសាកល្បង «យុទ្ធនាការកម្ពុជាស្អាត» នៅឃុំព្រះធាតុ ឃុំមៀន និងឃុំដ៏ទៃទៀត ក្នុងស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ទទួលបានជោគជ័យ។

នាឱកាសនេះ លោក អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន មានប្រសាសន៍ថា យុទ្ធនាការ«កម្ពុជាស្អាត ខ្មែរធ្វើបាន»នេះ បានបង្ហាញយ៉ាងច្បាស់ពីការតាំងចិត្តចូលរួមពីខ្មែរទូទាំងប្រទេស បន្ទាប់ពីកម្ពុជាបានចូលរួមទប់ស្កាត់ ការប្រើប្រាស់ និងបោះចោលថង់ប្លាស្ទិក ទទួលបានជោគជ័យ។ ជោគជ័យដែលទទួលបាននោះគឺយុទ្ធនាការ « ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ដែលបានដាក់ចេញកាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣ រហូតដល់ពេលនេះ មានការចូលរួមពីសិស្សានុសិស្ស និងប្រជាជន ជាង ៨លាន នាក់នៅទូទាំងប្រទេសកម្ពុជា។

លោក អ៊ាង សុផល្លែត បានបន្ដថា ការសម្អាតអនាម័យបរិស្ថាននៅតាមមូលដ្ឋាន ប្រមូលទុកដាក់សំរាម រួមទាំងការកាត់បន្ថយសំណល់ប្លាស្ទិក ដែលឈានទៅបញ្ឈប់ការប្រើប្រាស់ប្លាស្ទិក ក្នុងចំណោមយុវជនជំនាន់ក្រោយ ធានាការគ្រប់គ្រងសំរាម ថែរក្សាអនាម័យបរិស្ថាន និង សុខុមាលភាពប្រជាពលរដ្ឋ បានល្អប្រសើរ ស្របនឹងភាពស្អាត ដែលជាមុំយុទ្ធសាស្រ្តអាទិភាពទី១ ចែងក្នុងយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន។

សូមបញ្ជាក់ថា យុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» គឺជាយុទ្ធនាការសុំឱ្យសិស្សានុសិស្ស បងប្អូនប្រជាពលរដ្ឋមួយភូមិ ឬមួយឃុំ ឬមួយស្រុក ឬមួយខេត្ត ចេញមកទាំងអស់គ្នារើសសំរាមជុំវិញបរិវេណផ្ទះ សាលារៀន វត្តអារាម និងតាមទីសាធារណៈ ចំនួន១៥នាទី រៀងរាល់ថ្ងៃសៅរ៍ ដោយប្រមូលទុកដាក់សំរាមឱ្យបានត្រឹមត្រូវ៕

Khcct banner

អត្ថបទទាក់ទង