ព្រះសីហនុ៖ កម្លាំងរបស់កងរាជអាវុធហត្ថខេត្តព្រះសីហនុ សហការជាមួយអាជ្ញាធរពាក់ព័ន្ធ នៅថ្ងៃទី ១៤ ឧសភា បានចេញប្រតិបត្តិការចុះបង្ក្រាបការចែកចាយគ្រឿងញៀនតាមទីសាធរណៈ និង បានចាប់ខ្លួនជនសង្ស័យ៧១នាក់ និង ថ្នាំញៀនមួយចំនួនទៀត។ក្នុងប្រតិបត្តិការចុះបង្ក្រាបនោះ កងកម្លាំងម្នាក់បានរងរបួសដោយសារជនសង្ស័យប្រើប្រាស់ដែកឆាបចាក់។
ប្រតិបត្តិការនេះ បានចាប់ផ្តើមនៅម៉ោងជាង៣រសៀល នៅថ្ងៃទី ១៣ ឧសភា ដោយមានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន កងរាជអាវុធហត្ថខេត្តព្រះសីហនុ ដឹកនាំដោយលោក ឡុង គឹមហួរ នាយការិយាល័យ ចុះបង្ក្រាបករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់រនូវសារធាតុញៀន នៅចំណុច ក្រុម១១ ភូមិ ០៣ សង្កាត់លេខ០៣ ក្រុង/ខេត្តព្រះសីហនុ។
បើតាមរបាយការណ៍ក្នុងការចុះបង្ក្រាបនោះ បានឃាត់ខ្លួនជនសង្ស័យចំនួន៧១នាក់ រួមទាំងវត្ថុតាងមួយចំនួនដូចជា ម្សៅក្រាមពណ៌សថ្លាចំនួន ៤៤ កញ្ចប់ ទម្ងន់.៣៤ .៣៤ ក្រាមទាំងសំបក ខ្សែជក់០៣ ទូរសព្ទ៣១គ្រឿង និង ម៉ូតូ២០គ្រឿង។
នៅក្នុងប្រតិបត្តិការណ៍បង្ក្រាបនេះ កម្លាំងកងរាជអាវុធហត្ថម្នាក់ម្នាក់ក៏បានរងរបួស ដោយសារជនសង្ស័យប្រើប្រាស់ ដែកឆាបស្រួចចាក់មកលើដៃកងកម្លាំងកំពុងបង្ក្រាប។បច្ចុប្បន្នជនសង្ស័យនឹងវត្ថុតាងកំពុងបន្តនីតិវិធីនៅ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ៕