ភ្នំពេញ៖ ក្រុមហ៊ុនកូរ៉េ HYUCKJIN ENERGY PLANT ENGINEERING បានធ្វើបទបង្ហាញជូនថ្នាក់ដឹកនាំនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) អំពីព័ត៌មានបឋមនៃគម្រោងស្នើសុំវិនិយោគរបស់ក្រុមហ៊ុនលើការផលិតថាមពលអគ្គិសនីនៅកម្ពុជា តាមរយៈការកែច្នៃសំរាម។ គម្រោងនេះត្រូវបានលើកឡើងនាឱកាសពិភាក្សាការងាររវាងលោក ស៊ុន ចាន់ថុល អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាមួយគណៈប្រតិភូក្រុមហ៊ុនកូរ៉េ HYUCKJIN ENERGY PLANT ENGINEERING និងក្រុមហ៊ុន Defytime នាព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤។
ក្នុងជំនួបពិភាក្សានាឱកាសនេះ ក្រុមហ៊ុនកូរ៉េ HYUCKJIN ENERGY PLANT ENGINEERING បានធ្វើបទបង្ហាញជូនលោក ស៊ុន ចាន់ថុល អំពីព័ត៌មានបឋមនៃគម្រោងស្នើសុំវិនិយោគរបស់ក្រុមហ៊ុនលើការផលិតថាមពលអគ្គិសនី តាមរយៈការកែច្នៃសំរាម ព្រមទាំងបានឆ្លៀតឱកាសនេះដើម្បីស្នើសុំគោលការណ៍ណែនាំបន្ថែមពីCDC ចំពោះគម្រោងវិនិយោគរបស់ខ្លួន។ តាមរយៈបទបង្ហាញក្នុងអង្គប្រជុំនេះក្រុមហ៊ុនបានបង្ហាញថាបច្ចេកវិទ្យាដែលខ្លួននឹងប្រើប្រាស់ ក្នុងមួយថ្ងៃអាចបង្កើតថាមពលអគ្គិសនីយ៉ាងតិចបំផុត ២៤មេហ្គាវ៉ាត់ ដោយការដុតសំរាមប្រមាណ ១០០តោន។
លោក ស៊ុន ចាន់ថុល បានបង្ហាញការស្វាគមន៍ជូនដល់ក្រុមហ៊ុន និងវិនិយោគិនទាំងអស់ ចំពោះគម្រោងវិនិយោគលើការទាញយកថាមពលអគ្គិសនី តាមរយៈការកែច្នៃសំរាមនេះ និងស្នើសុំឱ្យក្រុមហ៊ុនផ្ញើជូនព័ត៌មានលម្អិតទាំងស្រុងនៃគម្រោង មកក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដើម្បីអាចឱ្យស្ថាប័នរដ្ឋាភិបាលសម្របសម្រួលអនុវត្តនីតិវិធីបន្ត៕