ភ្នំពេញ៖ កម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម បន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម វិនិយោគ ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន កសិកម្ម ថាមពល និងទេសចរណ៍។ ការបន្តពង្រឹងកិច្ចសហប្រតិបត្តិការទាំងនេះ ត្រូវបានលើកឡើងនាឱកាសពិភាក្សាការងាររវាងសម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ជាមួយលោក Obaid Saeed Obaid Bintaresh Aldhaheri ឯកអគ្គរាជទូតនៃប្រទេសអេមីរ៉ាតអារ៉ាប់រួមប្រចាំព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤។
នាឱកាសនេះ លោក Obaid Saeed Obaid Bintaresh Aldhaheri បានបញ្ជាក់ថា ក្នុងបេសកកម្មការទូតរបស់ឯកឧត្តមនៅកម្ពុជា លោកនឹងខិតខំបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀតលើវិស័យជាច្រើន រួមមាន៖ ពាណិជ្ជកម្ម វិនិយោគ ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន កសិកម្ម ថាមពល និងទេសចរណ៍។
ជាការឆ្លើយតប សម្តេច ហ៊ុន ម៉ាណែត បានវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃទំនាក់ទំនងការទូតរវាងកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម ជាពិសេសការចូលជាធរមាននៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងព្រះរាជាណាចក្រកម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម (Cambodia-UAE Comprehensive Economic Partnership Agreement - CEPA) ហើយតាមរយៈកិច្ចព្រមព្រៀងនេះ ប្រទេសទាំងពីរនឹងស្វែងរកឱកាសសម្រាប់កិច្ចសហប្រតិបត្តិការបន្ថែមទៀត។
ជាមួយគ្នានេះ សម្តេច ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ការវិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធ ថាមពលស្អាត ទេសចរណ៍ កសិកម្ម បច្ចេកវិទ្យា និងហេដ្ឋារចនាសម្ព័ន្ធ គឺជាអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការសម្រេចបាននូវកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដើម្បីអភិវឌ្ឍកម្ពុជាប្រកបដោយភាពធន និងបរិយាប័ន្ន។
សម្តេច ហ៊ុន ម៉ាណែត បានលើកទឹកចិត្តដល់ឯកអគ្គរាជទូត ក្នុងការបន្តកិច្ចសហប្រតិបត្តិការជាមួយក្រសួង-ស្ថាប័ននៃព្រះរាជាណាចក្រកម្ពុជា ជាពិសេសបន្តជំរុញកិច្ចសហប្រតិបតិ្តការរវាងប្រទេសទាំងពីរលើវិស័យពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ និងវិស័យសក្ដានុពលផ្សេងៗទៀតផងដែរ៕