Cctimesw1140xh150cm copy

ម្ចាស់ស្នាដៃរឿង ៣រាត្រី៖ គ្រប់ការតែងនិពន្ធ សុទ្ធតែបង្កប់តម្លៃអប់រំ មិនថាតិចឬច្រើន

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ភ្នំពេញ៖ ម្ចាស់ស្នាដៃប្រលោមលោករឿង «៣រាត្រី» លោក សេម បានលើកឡើងថា គ្រប់ការតែងនិពន្ធទាំងអស់ សុទ្ធតែបង្កប់តម្លៃអប់រំជានិច្ច មិនថាតិច ឬច្រើនឡើយ។ ជួនកាលតម្លៃអប់រំ ដែលអ្នកនិពន្ធចង់ផ្តល់ដល់អ្នកអាន មិនអាចជ្រាបដល់អ្នកអានអស់សេចក្តីបានឡើយ បើអ្នកនិពន្ធនោះ មិនមានសិល្បៈតាក់តែង និងទេពកោសល្យ។

សម្រាប់លោក សេម បានស្រង់ប្រសាសន៍អ្នកនិពន្ធប្រលោមលោក សញ្ជាតិបារាំង Gustave Flaubert មួយឃ្លាថា «បើឥតសិល្បៈ ក្រែងអ្នកអានរកជម្រៅការណ៍ពិតមិនឃើញទៅវិញ»។

លោកបន្តថា ដើម្បីបញ្ជ្រាបទស្សនៈវិជ្ជារបស់ខ្លួន អ្នកប្រាជ្ញល្បីៗលើលោកនេះ បានប្រើប្រាស់ប្រលោមលោកជាត្រីវិស័យ ព្រោះពួកគាត់យល់ថា មានតែប្រលោមលោកទេ ដែលអាចនាំគំនិតពួកគាត់ដល់មហាជនបាន។ អ្នកប្រាជ្ញទាំងនោះ មានដូចជា ហ្សង់ហ្សាក់ រ៉ូសសូ (Jean Jacques Rousseau), សម្តេច វ៉ាល់ទឺរ ស្កុត (Sir Walter Scott), ហ្សង់ ពួលសាត (Jean Pual Sartre) និង អាល់ ប៊ែរកាម៉ុស (Albert Camus) ជាដើម។

បើតាមលោក សេម អ្នកអានក៏ត្រូវតែខំរកតម្លៃអប់រំក្នុងរឿង ពោលគឺត្រូវតែអានដើម្បីកម្សាន្តផង និងយកចំណេះដឹងផង។ អ្នកអានដើម្បីកម្សាន្ត ខុសពីអ្នកអានដើម្បីចំណេះដឹង ព្រោះអ្នកអានដើម្បីកម្សាន្ត គ្រាន់តែអានច្បោលៗ ចំណែកអ្នកអានដើម្បីចំណេះដឹង គេអានលម្អិត ហើយវាយតម្លៃពីខ្លឹមសារទាំងមូល ដើម្បីយកគំនិតអប់រំ។

សូមជម្រាបថា ប្រលោមលោក «៣រាត្រី» ដែលជាវណ្ណកម្មថ្មីមួយ ស្ថិតក្នុងចលនាខេមរនិយម ត្រូវបានដាក់ផ្សាយជាផ្លូវការហើយ ខណៈវណ្ណកម្មនេះ ត្រូវបាននិពន្ធដោយអ្នកនិពន្ធវ័យក្មេង មានឈាមជ័រជាខ្មែរមួយរូប ឈ្មោះថា សេម។

រឿង «៣រាត្រី» គឺជារឿងពិតខ្លះ និងប្រតិដ្ឋខ្លះ ដែលជាស្នាដៃតែងនិពន្ធលើកដំបូងរបស់លោកសេម ដោយបានបង្ហាញពីតថភាពជីវិតយុវវ័យ ដកចេញពីផ្នែកតូចមួយរបស់គេ។ ជាមួយគ្នានេះដែរ រឿងនេះមានគោលបំណងចង់អប់រំយុវវ័យ ឱ្យចេះគិតគូរនិងប្រយ័ត្នប្រយែង នៅពេលខ្លួនធ្លាក់ក្នុងអន្លង់ស្នេហា។ រឿងនេះ ក៏លើកទឹកចិត្តដល់មនុស្ស ដែលយល់ថាខ្លួនបាត់បង់គ្រប់យ៉ាង និងគិតថាខ្លួនមិនមានប្រយោជន៍ ឱ្យប្រឹងប្រែងកសាងជីវិត។

លោក សេម បានឱ្យដឹងថា តាំងពីក្មេងរហូតមកដល់ពេលនេះ លោកបានអានសៀវភៅរាប់មិនអស់ ដែលវាធ្វើឱ្យលោកមានចំណង់ចំណូលចិត្តក្នុងការតែងនិពន្ធ។ ការតែងនិពន្ធនេះ ជាទម្រង់និទានកថា ដោយតួអង្គឯកជាមនុស្សស្រី រៀបរាប់ពីអតីតដែលបានកើតឡើងចំពោះនាងកាលពី ១០ឆ្នាំមុន។ ស្មេរវ័យក្មេងរូបនេះ ក៏ចង់លើកស្ទូយវិស័យតែងនិពន្ធនៅកម្ពុជា ឱ្យរីកចម្រើនខ្លាំងផងដែរ ខណៈសម្ដេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចេញអនុក្រឹត្យ ស្តីពី ទិវាជាតិអ្នកនិពន្ធ ដោយកំណត់យកថ្ងៃទី៧ ខែធ្នូ ជារៀងរាល់ឆ្នាំ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ការកំណត់យកនេះ ក្នុងគោលបំណងបង្កើនគុណតម្លៃ និងជំរុញលើកកម្ពស់ស្នាដៃតែងនិពន្ធ ដើម្បីរួមចំណែកដល់ការអប់រំ ការលើកកម្ពស់សុខដុមភាពវប្បធម៌ សាសនា និងការយល់ដឹងអំពីអក្សរសាស្ត្រ អក្សរសិល្ប៍ សិល្បៈ ប្រវត្តិសាស្ត្រ និង វិទ្យាសាស្ត្រ។

បើតាមលោក សេម ពេលអានរឿង «៣រាត្រី» គេនឹងឃើញមានភាសាអង់គ្លេសខ្លះ និងខ្មែរខ្លះ ពេលតួអង្គផ្ញើសារទៅគ្នា។ អ្នកនិពន្ធសរសេរបែបនេះ ក៏ដោយសារតែយល់ថា ជាទម្លាប់នៃការឆ្លងឆ្លើយសារ គឺយុវវ័យប្រើភាសាអង់គ្លេសខ្លះ និងខ្មែរខ្លះ ទើបលោកចង់បង្ហាញតថភាពមួយនេះដែរ។

លោក សេម ក៏បានឆ្លៀតថ្លែងអំណរគុណដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដែលជួយឱ្យសៀវភៅនេះ ត្រូវបានផលិតឡើង និងអរគុណដល់មិត្តភក្តិទាំងអស់ ដែលបានបង្ហាញពីឆន្ទៈចង់អានស្នាដៃដ៏ថ្មីសន្លាងមួយនេះ។ លោកបានឱ្យដឹងថា ថវិកាមួយផ្នែក ដែលទទួលបានពីការលក់សៀវភៅនេះ នឹងយកទៅបរិច្ចាគលើការងារមនុស្សធម៌។

លោកបានបញ្ជាក់យ៉ាងដូច្នេះថា «អ្នកម្តាយ ឃុត សាឃីម និងលោកប៉ា ឡាច គីម កូនសូមថ្វាយបង្គំដឹងគុណលោកទាំងពីរដែលបានផ្តល់កំណើតដល់រូបកូន និងបីបាច់រក្សាកូនបានយ៉ាងល្អបំផុត។ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ដែលបានឧបត្ថម្ភថវិកាបោះពុម្ពសៀវភៅនេះទាំងស្រុង។ បើពុំមានការជួយជ្រោមជ្រែង នោះស្នាដៃនេះមិនអាចលេចរូបរាងឡើយ។ សូមអរគុណដល់ ឯកឧត្តម លឹម ជាវុត្ថា ទីប្រឹក្សាផ្ទាល់សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី និងជាអគ្គនាយកបណ្តាញព័ត៌មាន Fresh News ដែលបានគាំទ្រនិងលើកទឹកចិត្តដល់រូបខ្ញុំ ចំពោះកិច្ចការតែងនិពន្ធដ៏មានន័យខ្លឹមសារនេះ និងជួយផ្សព្វផ្សាយ»។

ការបោះពុម្ពលើកទី១ តែងតែជួបប្រទះនូវចំណុចខ្វះខាតដោយជៀសពុំរួច ហេតុដូចនេះស្មេរ នឹងទទួលយកមតិរិះគន់ ដើម្បីកែលម្អជានិច្ច។ អ្នកនិពន្ធវ័យក្មេងរូបនេះ ក៏បានសង្ឃឹមថា «៣រាត្រី» នឹងក្លាយជាវត្ថុកម្សាន្តអារម្មណ៍របស់លោកអ្នក និងជាគ្រឿងលម្អក្នុងទូដាក់សៀវភៅរបស់លោកអ្នកជាក់ជាពុំខាន។

មិត្តអ្នកអាន ចង់ជាវសៀវភៅនេះ សូមទំនាក់ទំនងលេខទូរសព្ទ ០៩៦៦២០៣៣៦០ ឬទំព័រហ្វេសប៊ុក ដែលមានឈ្មោះថា «៣រាត្រី»៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង