ភ្នំពេញ៖ ក្រោយមានការជួយអន្តរាគមន៍ និង សម្របសម្រួលជាបន្តបន្ទាប់រវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត ពលការិនីខ្មែរចំនួន ២៤ នាក់បន្ថែមទៀត បានធ្វើដំណើរមកដល់ប្រទេសកម្ពុជាវិញហើយ នៅថ្ងៃទី១២ ខែឧសភា។
ដូចការគម្រោងទុក នៅព្រឹកថ្ងៃទី ១២ ខែឧសភានេះ ពលការិនីខ្មែរដែលចាញ់បោកមេខ្យល់ទៅធ្វើការនៅប្រទេសអារ៉ាប៊ីសាអូឌីតចំនួន ២៤ នាក់បន្ថែមទៀត បានមកដល់ប្រទេសកម្ពុជាវិញហើយ បន្ទាប់ពីមានការជួយជ្រោមជ្រែង និង យកចិត្តទុកដាក់ខ្ពស់ពីគ្រប់ភាគីពាក់ព័ន្ធ។ ការមកដល់របស់ពលការិនីខ្មែរទាំង ២៤នាក់នេះ មានការទទួលស្វាគមន៍យ៉ាងកក់ក្ដៅពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការងារ និង បណ្ដុះបណ្ដាលវិជ្ជាជីវៈ ក៏ដូចជា ក្រុមគ្រួសាររបស់ពលការិនីទាំងអស់ផ្ទាល់។
ក្រសួងការងារ បានអះអាងថា បន្ទាប់ពីសម្របសម្រួលពលការិនីចំនួន ២៤នាក់ ឲ្យបានត្រឡប់មកប្រទេសកម្ពុជាវិញ ក្រសួង នៅតែបន្តសហការយ៉ាងសកម្មជាមួយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំព្រះរាជាណាចចក្រអារ៉ាប៊ីសាអូឌីត ដែលមាននិវេសនដ្ឋាននៅទីក្រុងគែរ ប្រទេសអេហ្ស៉ីប ដើម្បីធ្វើការយ៉ាងជិតស្និតជាមួយរដ្ឋាភិបាលនៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត អាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធក្នុងការធ្វើអន្តរាគមន៍ និងសម្របសម្រួលពលការិនី ដែលនៅសល់មួយចំនួនទៀត ឲ្យបានវិលត្រឡប់មកមាតុប្រទេសវិញជាបន្តបន្ទាប់ប្រកបដោយសុវត្ថិភាព។
ពលការិនី ផាត ហាន ជាពលការិនីខ្មែរម្នាក់ក្នុងចំណោមពលករទាំង ២៤នាក់ បានវិលត្រឡប់មកដល់ប្រទេសកម្ពុជា បានបង្ហាញនូវអារម្មណ៍សប្បាយរីករាយ និង ការដឹងគុណជាខ្លាំងដល់រាជរដ្ឋាភិបាលកមម្ពុជា ដែលបានខ្នះខ្នែងយកចិត្តទុកដាក់ និងជួយសម្របសម្រួលជូនពួកគាត់បានទាន់ពេលវេលា ក៏ដូចជា បានសម្របសម្រួលកន្លែងស្នាក់នៅ និងការហូបចុកជូនពួកគាត់យ៉ាងយកចិត្តទុកដាក់ អំឡុងពេលដែលពួកគាត់រង់ចាំការវិលត្រឡប់មកកាន់មាតុប្រទេសវិញ។
ពលការិនី ផាត ហាន ៖ "ខ្ញុំសប្បាយចិត្តណាស់ បើគ្មានលោកពូទូត និងបងៗនោះទេ ពួកខ្ញុំមិនដឹងថាយ៉ាងណា យ៉ាងណីទេ ខ្ញុំអរគុណខ្លាំងណាស់ចំពោះការយកចិត្តទុកដាក់ និងជួយពួកខ្ញុំរហូតមក"។
សូមបញ្ជាក់ថា ចាប់តាំងពីថ្ងៃដែលទទួលបានព័ត៌មានរាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មិនបានទុកបងប្អូនប្រជាពលរដ្ឋចោលនោះទេ៕