ភ្នំពេញ៖ ទំហំហិរញ្ញប្បទានសហប្រតិបត្តិការរវាងមូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម (International Fund for Agricultural Development IFAD) ជាមួយកម្ពុជា បានកើនឡើងដល់ប្រមាណ ៥៩៣ លានដុល្លារអាម៉េរិក ខណៈកាលពីឆ្នាំ២០១៣-២០១៨ មានត្រឹមប្រមាណ៩៧ លានដុល្លារអាម៉េរិក។ ការណ៍នេះបង្ហាញនូវទំនាក់ទំនងដ៏ល្អ និងរឹងមាំ ព្រមទាំងមានលក្ខណៈជាយុទ្ធសាស្ត្រ រវាងព្រះរាជាណាចក្រកម្ពុជា និង IFAD។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៤។
បើតាមសេចក្ដីប្រកាស លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានជួបពិភាក្សាការងារជាមួយលោក ដូណាល់ ប្រោន អនុប្រធានរងមូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម (International Fund for Agricultural Development IFAD) ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និង IFAD ។ នាឱកាសនេះ លោកបានវាយតម្លៃខ្ពស់ចំពោះការចូលរួមចំណែកដ៏សំខាន់របស់ IFAD ដែលបានផ្ដល់កិច្ចសហប្រតិបត្តិការយ៉ាងល្អ ក្នុងការគាំទ្រកម្ពុជាក្នុងដំណើរការអភិវឌ្ឍវិស័យកសិកម្ម ចាប់ពីឆ្នាំ ១៩៩៣ រហូតមក ទាំងផ្នែកហិរញ្ញវត្ថុ និងបច្ចេកទេស។ លោកបានធ្វើការកត់សម្គាល់អំពីការកើនឡើងខ្លាំងនៃទំហំហិរញ្ញប្បទានសហប្រតិបត្តិការ ដែលបានកើនរហូតដល់ប្រមាណ ៥៩៣ លានដុល្លារអាម៉េរិក សម្រាប់ឆ្នាំ ២០២២-២០២៧ ។
ទន្ទឹមនឹងនេះ លោក ដូណាល់ ប្រោន ក៏បានកោតសរសើរ និងបានវាយតម្លៃខ្ពស់ចំពោះកិច្ចប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា រហូតសម្រេចបាននូវការអភិវឌ្ឍយ៉ាងរហ័សលើគ្រប់វិស័យ ។ លោកបានគូសបញ្ជាក់ឡើងវិញ អំពីជំហរច្បាស់លាស់របស់ IFAD ក្នុងការពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រជាមួយរាជរដ្ឋាភិបាលកម្ពុជា និងការប្តេជ្ញាចិត្តខ្ពស់ ក្នុងការបន្តគាំទ្រការអនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិរបស់រាជរដ្ឋាភិបាលកម្ពុជា។
លោក ដូណាល់ ប្រោន ក៏បានថ្លែងអំណរគុណក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលតែងផ្តល់កិច្ចសហការជិតស្និទ្ធ ក្នុងការសម្របសម្រួលការដឹកនាំការគ្រប់គ្រងគម្រោងនានា ក្រោមហិរញ្ញប្បទានពី IFAD នៅកម្ពុជា រហូតសម្រេចបាននូវជោគជ័យជាច្រើន នាពេលកន្លងមក៕