ទីក្រុងតូក្យូ៖ ក្រុមហ៊ុនវិនិយោគរបស់ជន៉ុនជាច្រើន បានចូលរួមក្នុងជំនួបផ្គូផ្គងធុរកិច្ចរវាងសហគមន៍ធុរកិច្ចកម្ពុជា-ជប៉ុន ក្នុងគោលបំណងផ្សារភ្ជាប់ទំនាក់ទំនងសហគមន៍ធុរកិច្ចទាំងពីរឱ្យកាន់តែស្អិតល្មួតបន្ថែមមួយកម្រិតទៀត។ ជំនួបផ្គូផ្គងធុរកិច្ចនេះ ត្រូវបានធ្វើឡើងនារសៀលថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៤ នៅទីស្នាក់កណ្តាលនៃអង្គការពាណិជ្ជកម្មក្រៅប្រទេសរបស់ជប៉ុន (JETRO) និងមានការអញ្ជើញចូលរួមពីលោក ស៊ុន ចាន់ថុន អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក៏ដូចជាគណៈប្រតិភូកម្ពុជាជាច្រើនទៀត។
ក្នុងជំនួបនេះ លោក ស៊ុន ចាន់ថុល បានថ្លែងអំណរគុណជូនចំពោះភាគីមិត្តដែលបានរៀបចំកម្មវិធីផ្គូផ្គងដ៏មានតម្លៃនាឱកាសបេសកកម្មគោះទ្វារវិនិយោគរបស់ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាពេលនេះ។ លោកបានគូសបញ្ជាក់ថា សហគ្រាសដែលបានចូលរួមក្នុងជំនួបផ្គូផ្គងសុទ្ធសឹងតែជាសហគ្រាសដែលបានចូលរួមក្នុងសិក្ខាសាលាវិនិយោគកម្ពុជាឆ្នាំ២០២៣ ដែលបានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ នៅទីក្រុងតូក្យូ។
លោក ស៊ុន ចាន់ថុល បានបង្ហាញក្តីសង្ឃឹមយ៉ាងមុតមាំថាវិស័យឯកជនដែលបានចូលរួមនឹងខិតខំក្តាប់ជាប់នូវឱកាសមាសពេជ្រនេះ សំដៅទាក់ទាញសហគ្រាសដែលមានវត្តមានឱ្យទៅបណ្តាក់ទុនវិនិយោគនៅលើទឹកដីកម្ពុជា។
គួរបញ្ជាកថា ក្រុមហ៊ុនដែលបានចូលរួមក្នុងជំនួបផ្គូផ្គងខាងលើគឺជាក្រុមហ៊ុនដែលបាន និងកំពុងបណ្តាក់ទុនវិនិយោគលើវិស័យភស្តុភារកម្ម កម្មន្តសាលអាលុយមីញ៉ូម កសិកម្មនិងកសិ-ឧស្សាហកម្ម ឱសថ និងព័ត៌មានវិទ្យានិងសារគមនាគមន៍៕