ចិន៖នាវាចម្បាំងរបស់មហាយក្សចិនចំនួន ២ គ្រឿននឹងធ្វើដំណើរមកប្រទេសកម្ពុជា ដើម្បីបំពេញទស្សនិច្ចជាផ្លូវការ។ក្នុងដំណើរទស្សនកិច្ចនោះក៏មានដែរនៅក្នុងប្រទេសទីម័រខាងកើត។នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិរបស់ចិន នៅថ្ងៃទី ៩ ឧសភានេះ។
ក្រសួងការពារជាតិចិន បានប្រកាសថា ដោយយោងតាមផែនការសហប្រតិបត្តិការយោធាអន្តរជាតិប្រចាំឆ្នាំ ចាប់ពីដើមខែ ឧសភា ដល់ពាក់កណ្តាលខែមិថុនា នាវាកងទ័ពជើងទឹកចិនឈ្មោះ Qi Jiguang និង Jinggangshan នឹងមកបំពេញទស្សនកិច្ចនៅកម្ពុជា និង ទីម័រខាងកើត។អំឡុងពេលមកបំពេញទស្សនកិច្ចនៅកម្ពុជា នឹងមានកម្មវិធីហ្វឹកហាត់ ជាមួយកងទ័ពជើងទឹកកម្ពុជា។
ក្នុងសេចក្តីប្រកាសនោះ ពន្យល់ថា បេសកកម្មនេះមានគោលបំណងលើកកម្ពស់សមត្ថភាពជាក់ស្តែងរបស់នាយទាហានជើងទឹកចិន ពង្រឹងកិច្ចសហប្រតិបត្តិការជាក់ស្តែង និងការជឿទុកចិត្តគ្នាទៅវិញទៅមកជាមួយកងទ័ពជើងទឹកកម្ពុជា និង ទីម័រខាងកើត ដើម្បីរួមចំណែកយ៉ាងសកម្មក្នុងការកសាងសហគមន៍ដែនសមុទ្រដែលមានអនាគតរួមគ្នា។