Cctimesw1140xh150cm copy

អង្គការ Vital Strategies សរសើរកម្ពុជាអាចកាត់បន្ថយការប្រើប្រាស់ថ្នាំជក់បានគួរឱ្យកត់សម្គាល់

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
(រូបភាព៖ ក្រសួងសុខាភិបាល)

ភ្នំពេញ៖ នាយកកម្មវិធីថ្នាំជក់អង្គការ Vital Strategies បានកោតសរសើរដល់រាជរដ្ឋាភិបាលកម្ពុជា ដែលសម្រេចបានជោគជ័យធំៗ ក្នុងការកាត់បន្ថយការប្រើប្រាស់ផលិតផលថ្នាំជក់ ដោយអត្រាប្រេវ៉ាឡង់នៃការប្រើប្រាស់ផលិតផលថ្នំាជក់ បានថយចុះគួរឱ្យកត់សម្គាល់ ជាប្រទេសដែលមានអត្រាប្រើប្រាស់ថ្នំាជក់ ទាបនៅក្នុងតំបន់ និងលើពិភពលោក ក្នុងរយៈពេល១០ឆ្នាំកន្លងមកនេះ។ ប្រសាសន៍នេះត្រូវបានលើកឡើងនាឱកាសពិភាក្សាការងារវាងលោក ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល ជាមួយលោក Tara Singh BAM នាយកកម្មវិធីថ្នាំជក់អង្គការ Vital Strategies នាព្រឹកថ្ងៃទី៨មេសានេះ។

លោក Tara Singh BAM បានថ្លែងអំណរគុណក្រសួងសុខាភិបាល ដែលបានគាំទ្រដល់កិច្ចសហប្រតិបត្តិការរបស់អង្គការ Vital Strategies ជាមួយមជ្ឈមណ្ឌលជាតិលើកកំពស់សុខភាព លើការងារត្រួតពិនិត្យផលិតផលថ្នាំជក់ ក្នុងរយៈពេល ១០ឆ្នាំ កន្លងមកនេះ និងចូលរួមអបអរសាទរ និងកោតសរសើរដល់រាជរដ្ឋាភិបាលកម្ពុជា ដែលសម្រេចបានជោគជ័យធំៗ ក្នុងការកាត់បន្ថយការប្រើប្រាស់ផលិតផលថ្នាំជក់ ដោយអត្រាប្រេវ៉ាឡង់នៃការប្រើប្រាស់ផលិតផលថ្នំាជក់ បានថយចុះគួរឱ្យកត់សម្គាល់ ជាប្រទេសដែលមានអត្រាប្រើប្រាស់ថ្នំាជក់ ទាបនៅក្នុងតំបន់ និងលើពិភពលោក។

លោក ឈាង រ៉ា បានបញ្ជាក់ដែរថា រាជរដ្ឋាភិបាលកម្ពុជា បានអនុម័ត ច្បាប់ស្តីពីការត្រួតពិនិត្យផលិតផលថ្នាំជក់ ឆ្នាំ២០១៥ ដោយបានដាក់ចេញនូវវិធានការដ៏មានប្រសិទ្ធភាពជាច្រើនរួមមាន វិធានការបោះពុម្ពសារព្រមានសុខភាពលើកញ្ចប់ផលិតផលថ្នាំជក់ វិធានការហាមឃាត់ការផ្សាយពាណិជ្ជកម្ម ការផ្សព្វផ្សាយលក់និងការឧបត្ថម្ភកម្មវិធីនានាដោយឧស្សាហករ ថ្នាំជក់ ព្រមទាំងហាមជក់ និងបង្ហុយផ្សែងផលិតផល ថ្នាំជក់នៅកន្លែងធ្វើការ និងទីសាធារណៈផងដែរ។

លោកនាយក Vital Strategies បានបញ្ជាក់ជំហរយ៉ាងមុតមាំរបស់អង្គការ Vital Strategies ក្នុងការប្តេជ្ញាចិត្ត បន្តកិច្ចសហប្រតិបត្តិការជាមួយក្រសួងសុខាភិបាល លើកិច្ចការជាអាទិភាពមួយចំនួនរបស់ក្រសួង ក្នុងការត្រួតពិនិត្យផលិតផលថ្នាំជក់ដូចជា (១)ពង្រឹងការអនុវត្តទីក្រុងគ្មានផ្សែងបារី (២)ការដាក់សារព្រមានសុខភាពលើកញ្ចប់ផលិតផលថ្នាំជក់ (៣)ការអនុវត្តវិធានការហាមការជក់ ឬការបង្ហុយផ្សែងបារីនៅកន្លែងធ្វើការ ឬទីសាធារណៈ (៤)វិធានការហាមឃាត់ផ្សាយពាណិជ្ជកម្ម ការផ្សព្វផ្សាយលក់ និងការឧបត្ថម្ភកម្មវិធីដោយឧស្សាហករថ្នាំជក់ (៥)យុទ្ធនាការ ការអប់រំ ផ្លាស់ប្តូរឥរិយាបថរបស់ប្រជាជន និង(៦) ទស្សនកិច្ចសិក្សាផ្លាស់ប្តូរបទពិសោធន៍ របស់គណៈកម្មាធិការអន្តរក្រសួង ត្រួតពិនិត្យផលិតផលថ្នាំជក់។

ជាចុងក្រោយ រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានវាយតំលៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរបស់ Vital Strategies នាពេលកន្លងមក និងគម្រោងការងារបន្ត គឺមានគោលដៅរួមគ្នាជាមួយក្រសួងសុខាភិបាល ក្នុងការលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនកម្ពុជា ដើម្បីឈានទៅសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល ស្របតាមយុទ្ធសាស្រ្តបញ្ចកោណនៃរាជរដ្ឋាភិបាលអាណត្តិទី៧៕



ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង