ភ្នំពេញ៖ ឯកអគ្គរាជទូតកាតាប្រចាំកម្ពុជា ប្រកាសគាំទ្រ និងជំរុញការផ្សព្វផ្សាយស្តីពីការវិនិយោគជាមួយប្រទេសកម្ពុជា ខណៈប្រទេសមួយនេះបានវាយតម្លៃខ្ពស់ពីតួនាទីរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាក្នុងការជំរុញនិងទាក់ទាញវិនិយោគ។ នេះជាការលើកឡើងរបស់លោក Khalid Ali Abdullah Abel ឯកអគ្គរាជទូតកាតាប្រចាំកម្ពុជា ក្នុងឱកាសពិភាក្សាការងាររជាមួយ លោក នុត អ៊ុនវ័ណរ៉ា អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា នាថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤ នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
នាឱកាសនេះ លោក នុត អ៊ុនវ័ណរ៉ា បានលើកឡើងពីច្បាប់និងអនុក្រឹត្យស្តីពីវិនិយោគ និងគោលនយោបាយពាក់ព័ន្ធនានា, ការផ្តល់ការលើកទឹកចិត្ត, ការចុះបញ្ជី និងកិច្ចសម្រួលវិនិយោគ, វិស័យវិនិយោគអាទិភាព, ស្ថានភាពនៃការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសនៅកម្ពុជា និងការត្រៀមខ្លួនជាស្រេចរបស់ស្ថាប័នក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាក្នុងការផ្តល់ការគាំទ្រនានាដល់វិនិយោគិន ដែលមានបំណងមកសិក្សាស្វែងយល់ពីសក្តានុពលវិនិយោគ រឺមកបណ្តាក់ទុននៅកម្ពុជា។
ឯកអគ្គរាជទូតកាតា ក៏បានលើកឡើងពីស្ថានភាពសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និងការរីកចម្រើនរបស់ប្រទេសកាតានាពេលបច្ចុប្បន្ន ហើយបញ្ជាក់ពីការត្រៀមខ្លួនក្នុងការផ្តល់កិច្ចសហការចូលរួមរៀបចំផ្សព្វផ្សាយពីសក្តានុពលវិនិយោគរបស់ប្រទេសទាំងពីរជូនវិនិយោគិន តាមរយៈកិច្ចសហការតភ្ជាប់ជាមួយសភាពាណិជ្ជកម្មកាតា និងតំណាងក្រសួងស្ថាប័នកាតាដែលទទួលបន្ទុកការងារវិនិយោគ ហើយប្តេជ្ញានិងចូលរួមយ៉ាងសកម្មក្នុងការជំរុញនិងពង្រឹងទំនាក់ទំនងផ្នែកការទូត សេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ រវាងប្រទេសទាំងពីរឱ្យកាន់តែជិតស្និទ្ធ និងរឹងមាំបន្ថែមទៀត។
លោក នុត អ៊ុនវ័ណរ៉ា ក៏បានថ្លែងអំណរគុណដល់ទូតកាតាចំពោះស្មារតីនៃការផ្តល់ការគាំទ្រនិងកិច្ចសហប្រតិបត្តិការជាមួយស្ថាប័នក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងបានជូនពរឯកឧត្តម Khalid Ali Abdullah Abel ព្រមទាំងសហការី ទទួលបានជោគជ័យក្នុងដំណើរទស្សនកិច្ចការងារនៅរាជធានីភ្នំពេញនាពេលនេះ៕