ភ្នំពេញ៖ ចាប់ពីខែមករា-មេសា ឆ្នាំ២០២៤ ក្រុមហ៊ុនអេមរុរាយស៍កម្ពុជា (Amru Rice) របស់ប្រទេសកម្ពុជា បាននាំចេញអង្ករសរីរាង្គ និង អង្ករល្អប្រណិតទៅកាន់ទីផ្សារអន្ដរជាតិ ជាង៤០ប្រទេស បានចំនួនជាង ១៥,០០០ តោនកំណើនជាង ៥០% ធៀបរយៈពេលដូចគ្នានៃឆ្នាំ២០២៣។
ក្រុមហ៊ុនអេមរុរាយស៍កម្ពុជា (Amru Rice) នាំចេញអង្ករល្អប្រណិត និង អង្ករសិរីរាង្គ ទៅជាង ៤០ ប្រទេស ជាពិសេសប្រទេសក្នុងសហគមន៍អឺរុប ចិន អូស្រ្តាលី អាម៉េរិក និងប្រទេសផ្សេងទៀត ។ ក្នុងរយៈពេលត្រឹមតែ៤ខែ ចាប់ពីខែមករា-មេសា ក្រុមហ៊ុនបាននាំចេញអង្ករទៅកាន់ទីផ្សារអន្ដរជាតិ ជាង៤០ប្រទេស បានជាង ១៥,០០០ តោន ដែលមានកំណើនជាង ៥០% ធៀបរយះពេលដូចគ្នានៃឆ្នាំ២០២៣។
បើតាមក្រុមហ៊ុននៅក្នុងសប្ដាហ៍នេះ ក្រុមហ៊ុនអេមរុរាយស៍កម្ពុជា បាននាំចេញអង្ករទៅកាន់ប្រទេសគោលដៅចំនួន ១៣ប្រទេស មានចំនួនសរុបជិត ១០០កុងទីន័រ និង មានផែនការនាំចេញសរុប ៤៥,០០០តោន ក្នុងឆ្នាំ២០២៤នេះ ដែល ៣០% ជាអង្ករអង្ករសរីរាង្គ និង ៧០% ជាអង្ករល្អប្រណិត។
សូមជម្រាបថា បើតាមរបាយការណ៍ដែលចេញផ្សាយដោយសហព័ន្ធស្រូវអង្ករកម្ពុជា ការនាំចេញអង្កររបស់កម្ពុជា នៅត្រីមាសទី១ ឆ្នាំ២០២៤ សម្រេចបានក្នុងបរិមាណ ១៦៦.៤៥១តោន ធ្លាក់ចុះ ៥,៧៣ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕