Cctimesw1140xh150cm copy

«សិប្បកម្មអាលុយមីញ៉ូម»មួយក្នុងខេត្តកណ្តាលត្រូវបានបិទ ក្រោយបង្កការបំពុលបរិស្ថាន

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

កណ្តាល៖ សិប្បកម្ម អាលុយមីញ៉ូម ស្មែលធើរ (ខេមបូឌា) ស្ថិតនៅឃុំជ្រៃលាស់ ស្រុកពញាឮ ខេត្តកណ្តាល ត្រូវបានតុលាការខេត្តកណ្តាល ក្រុមមន្ត្រីជំនាញបរិស្ថាន និងអាជ្ញាធរពាក់ព័ន្ធ នៅថ្ងៃទី០២ឧសភា សម្រចធ្វើការឃ្លុំបេ (បិទ) ទីតាំងអគារឡដុតចម្រាញ់លោហៈ ក្រោយរកឃើញថាបានបង្កការបំពុលបរិស្ថាន និងប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ ជាបណ្តោះអាសន្ន។

នៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤ ក្រោមការដឹកនាំនិងសម្របសម្រួលពី ព្រះរាជអាជ្ញារង នៃអយ្យការអមតុលាការខេត្តកណ្តាល ក្រុមការងារអធិការកិច្ចនៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន និងនាយកដ្ឋានវាយតម្លៃហេតុប៉ះពាល់បរិស្ថាន អគ្គនាយករង រួមនឹងមន្ទីរបរិស្ថានខេត្តកណ្តាល រដ្ឋបាលស្រុកពញាឮ និងអាជ្ញាធរឃុំជ្រៃលាស់ បានចុះធ្វើការត្រួតពិនិត្យការបំពុលបរិស្ថាននៅទីតាំងស្លចម្រាញ់លោហៈអាលុយមីញ៉ូម របស់សិប្បកម្ម អាលុយមីញ៉ូម ស្មែលធើរ (ខេមបូឌា) ស្ថិតក្នុងខេត្តកណ្តាល។

ជាលទ្ធផលឃើញថា សិប្បកម្ម "អាលុយមីញ៉ូម ស្មែលធើរ (ខេមបូឌា)" បានបើកដំណើរការស្លចម្រាញ់លោហៈអាលុយមីញ៉ូម ពុំបានអនុលោមតាម៖

-មាត្រា១៩ នៃអនុក្រឹត្យលេខ៣៦ អនក្រ បក ស្តីពីការគ្រប់គ្រងសំណល់រឹង

-មាត្រា២៤ នៃអនុក្រឹត្យលេខ៤២ អនក្រ បក ស្តីពីការត្រួតពិនិត្យការបំពុលខ្យល់ និងការរំខានដោយសំឡេង

-អនុក្រឹត្យលេខ៧២ អនក្រ បក ស្តីពីកិច្ចដំណើរការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន

-ក្នុងពេលចុះត្រួតពិនិត្យនេះ សិប្បកម្មពុំមានសកម្មភាពដំណើរការស្លចម្រាញ់លោហៈទេ ដោយត្រូវបានផ្អាកសកម្មភាពទាំងស្រុង។ ក្រុមការងារ ពុំអាចធ្វើការវាស់ការបញ្ចេញសារធាតុបំពុលខ្យល់បានទេ។

យោងមាត្រ ២២ នៃច្បាប់ស្តីពីកិច្ចការពារបរិស្ថាន និងការគ្រប់គ្រងធនធានធម្មជាតិ តំណាងព្រះរាជអាជ្ញានៃអយ្យការអមតុលាការខេត្តកណ្តាល និងក្រុមការងារ បានឯកភាពគ្នា សម្រចធ្វើការឃ្លុំបេ (បិទ) ទីតាំងអគារឡដុតចម្រាញ់លោហៈដែលបានកំពុងបង្កការបំពុលបរិស្ថាន និងប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ ជាបណ្តោះអាសន្ន៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង