ភ្នំពេញ៖ អ្នកឧកញ៉ា ម៉ៅ ចំណាន ភរិយារបស់អ្នកឧកញ៉ា គិត ម៉េង ម្ចាស់ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប នៅថ្ងៃទី ២ ឧសភានេះ បានជាប់ជា«ប្រធានសមាគមសិល្បករខ្មែរ» អណត្តិទី៦ ទទួលបានការគាំទ្រដោយសំឡេង ៥២៧ សំឡេង ក្នុងចំណោមអ្នកចូលរួមបោះឆ្នោត ៦០០នាក់ដែលជាតំណាងសិល្បករគ្រប់ទម្រង់។
លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គឺជាអតីតសិល្បៈខ្មែរជើងចាស់មួយរូប បានបោះជំហានចូលប្រឡូកក្នុងវិថីសិល្បៈ ក្នុងអំឡុងឆ្នាំ១៩៩៨ ដោយអាជីពដំបូង ច្រៀងតាមភោជនីយដ្ឋាន សម្តែង ខារ៉ាអូខេ នៅក្នុងផលិតកម្មហង្សមាស ផលិតកម្ម យូធូ និង ផលិត ស្ទឹងសង្កែ រហូតបានឡើងកូដក្លាយជាពិធីការិនី ប្រចាំស្ថានីយទូរទស្សន៍ ប៉ុស្តិ៍លេខ៥។
លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គឺជាអតីតតារាសម្តែង និងជាពិធីការិនី សំឡេងផ្អែមស្រទន់។លោកជំទាវ បានសាងស្នេហ៍យ៉ាងផ្អែមត្រជាក់ ជាមួយអ្នកឧកញ៉ាល្បីស្រុកខ្មែរ ម្នាក់ដែលមានប្រាក់វាល់លានដុល្លារ គឺអ្នកឧកញ៉ា គិត ម៉េង ហើយបានបង្កើតគ្រួសារដ៏ដ៏កក់ក្តៅ។
ក្នុងពេលសមាគមសិល្បៈ កំពុងខ្វះប្រធានដឹកនាំ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន នឹងឈរឈ្មោះដើម្បីចូលរួមប្រកួតប្រជែងតំណែង«ប្រធានសមាគមសិល្បៈ» ហើយជាប់ជាប្រធានឬយ៉ាងណាចាំលទ្ធផល ក្រោយពេលរៀបចំបោះឆ្នោត។
គួរបញ្ជាក់ថា សមាគមសិល្បករខ្មែរ បច្ចុប្បន្នមានអ្នកនាង ចន ច័ន្ទលក្ខិណា ជាប្រធាន បានប្រកាសរៀបចំការបោះឆ្នោតជ្រើសរើសប្រធានថ្មី ដើម្បីរកអ្នកបន្តដឹកនាំសមាគម ទៅថ្ងៃអនាគត ស្របតាមលក្ខន្តិកៈដែលសមាគមមាន និងទទួលស្គាល់ដោយក្រសួងមហាផ្ទៃ។ ក្នុងនោះសមាគមក៏បានបើកឱកាស ដល់សិល្បករ-សិល្បការិនីរៀមច្បង មានបំណងចង់ធ្វើប្រធានថ្មី ដើម្បីបានឈរឈ្មោះបោះឆ្នោត និង ទទួលបានសំឡេងច្រើនលើសលប់ ពីសមាជិករបស់ខ្លួន។
អ្នកនាង ចន ច័ន្ទលក្ខិណា បានកាន់តំណែងជាប្រធានសមាគមចាប់ផ្ដើមពីថ្ងៃទី០៧ ខែកក្កដា ឆ្នាំ ២០១៧ រហូតមកដល់ពេលនេះមានរយៈពេលជាង ៦ឆ្នាំហើយ។ឆ្នាំទី៥ដែលត្រូវបោះឆ្នោត គឺជាពេលវេលាកំពុងមានវិបត្តិធ្ងន់ធ្ងរនៃជំងឺកូវីដ-១៩ រាជរដ្ឋាភិបាលមិនអនុញ្ញាតឲ្យមានការជួបជុំឡើយ ទើបថ្នាក់ដឹកនាំរបស់សមាគម សម្រេចពន្យាពេលបោះឆ្នោតអណត្តិថ្មី រហូតមកដល់បច្ចុប្បន្ន៕