ភ្នំពេញ៖ រោងចក្រដំឡើងរថយន្តរបស់ក្រុមហ៊ុនជប៉ុន Toyota នៅថ្ងៃទី២ ឧសភានេះ បានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ក្រោមវត្តមានសម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។រោងចក្រនេះមានតម្លៃប្រមាណ ៣៦,៧ លានដុល្លារ និង មានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ។
ក្រុមហ៊ុន Toyota Tsusho Manufacturing (Cambodia) Co., Ltd. ត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) សម្រេចចេញវិញ្ញាបនបត្រកាលពីថ្ងៃទី ៨ ខែកញ្ញា ឆ្នាំ ២០២២ លើគម្រោងបង្កើតរោងចក្រផ្គុំ និងដំឡើងរថយន្តនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ មានទុនវិនិយោគ ៣៦,៧ លានដុល្លារ និងអាចបង្កើតការងារបាន ១៥០ នាក់។
ក្នុងដំណើរជាផ្លូវការនៅថ្ងៃនេះ រោងចក្រនេះមានសមត្ថភាពដំឡើងរថយន្តចំនួន ២ប្រភេទ ទី១៖ ជាប្រភេទ SUV ម៉ាក FORTUNER និង ទី២៖ ជាប្រភេទ Pick-UP ម៉ាក HILUX ដែលមានទុនវិនិយោគចំនួន ៣៦,៧៨១,០០០ដុល្លារ និងមានបុគ្គលិកសរុបចំនួន ១៥០នាក់ ហើយមានសមត្ថភាពដំឡើងរថយន្តចំនួន ១,៣២០គ្រឿងសម្រាប់ផ្គត់ផ្គង់តម្រូវការទីផ្សារ (Market demand) ឆ្នាំ២០២៤ ក្នុងនោះរថយន្ត FORTUNER ចំនួន ២៩០គ្រឿង និងរថយន្ត HILUX ចំនួន ១,០៣០គ្រឿង។
អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា យល់ឃើញថា នេះជាការវិនិយោគដ៏ល្អមានស្ថិរភាព ហើយនឹងជួយលើកតម្កើងសេដ្ឋកិច្ចកម្ពុជា។ ក្រុមហ៊ុន Toyota ដែលវិនិយោគនៅក្នុងប្រទេសកម្ពុជានាពេលនេះ គឺជាឈ្នាន់មួយជួយជំរុញការទាក់ទាញវិនិយោគិនបន្ថែមទៀត ខណៈសម្ដេច ហ៊ុន ម៉ាណែត បន្តជួយទាក់ទាញវិនិយោគិនបរទេសដោយផ្ទាល់។សម្រាប់អ្នកឧកញ៉ា ការដំឡើងរោងចក្រនៅក្នុងស្រុក ធ្វើឱ្យតម្លៃរថយន្តធូរថ្លៃជាងការនាំចូល ហើយក៏អាចឱ្យកម្ពុជាក្លាយជាទីផ្សារមួយក្នុងការចែកចាយរថយន្តទៅក្នុងទីផ្សារអាស៊ានផងដែរដែលមានរហូតដល់ ៦០០ លាននាក់។
គួរបញ្ជាក់ថា បច្ចុប្បន្នកម្ពុជាមាន រោងចក្រដំឡើងរថយន្ត ចំនួន៦ហើយ រោងចក្ររបស់ក្រុមហ៊ុន DAEHAN AUTO (CAMBODIA) CO., LTD. ចាប់ផ្តើមប្រតិបត្តិការឆ្នាំ២០២២, នៅខេត្តស្វាយរៀង, ផលិតរថយន្ត SAMYUNG។ រោងចក្ររបស់ក្រុមហ៊ុន RMA AUTOMOTIVE (CAMBODIA) CO LTD. ចាប់ផ្តើមឆ្នាំ២០២២, នៅខេត្តពោធិ៍សាត់, ផលិតរថយន្ត FORD។ រោងចក្ររបស់ក្រុមហ៊ុន CAMKO MOTOR CO., LTD. ចាប់ផ្តើមឆ្នាំ២០២២, នៅខេត្តកោះកុង, ផលិតរថយន្ត HYUNDAI។ រោងចក្ររបស់ក្រុមហ៊ុន HGB MOTORS ASSEMBLY CO., LTD. ចាប់ផ្តើមឆ្នាំ២០២៣, នៅខេត្តបន្ទាយមានជ័យ, ផលិតរថយន្ត KIA។ រោងចក្ររបស់ក្រុមហ៊ុន GTV MOTOR CO., LTD. នៅខេត្តកណ្តាល, និងកំពុងដំណើរការសាកល្បង៕