ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) នៅថ្ងៃទី៣០មេសានេះ បានរៀបចំពិធី “សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ការិយាល័យកណ្តាលថ្មីនៃធនាគារ ARDB ” នៅទីតាំងអគារកណ្តាលថ្មីនៃធនាគារ ARDB ក្នុងតម្លៃចំនួន ៣១.៩១៩លានរៀល រចនាឡើងតាមបែបក្លាស៊ិកចម្រុះគ្នា រវាងស្ថាបត្យកម្មសម័យបុរាណខ្មែរ និងស្ថាបត្យកម្មសម័យទំនើប សហសម័យ ដោយមានការតុបតែងគ្រឿងលម្អវិចិត្រកម្មបុរាណខ្មែរ សម័យអង្គរនិយម។
អគារថ្មីនេះមានទីតាំងស្ថិតនៅអគារលេខ១៦៨ ផ្លូវបេតុងលេខ៧ ភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រី្តក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងភាគីពាក់ព័ន្ធជាច្រើនទៀត។
អគារកណ្តាលថ្មីនៃធនាគារ ARDB នេះ ត្រូវបានគូសប្លង់ និងត្រួតពិនិត្យ គុណភាពសំណង់ដោយស្ថាបត្យករ និងវិស្វករខ្មែរ ដោយចាប់ផ្តើមសាងសង់លើផ្ទៃដីចំនួន ៦.១០២ ម៉ែត្រការ៉េ ពីថ្ងៃទី១៦ ខែកក្ដដា ឆ្នាំ២០២១ និងបានបញ្ចប់ការដ្ឋាននៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ ដោយចំណាយពេល ២៩ ខែ។ រចនាបទនៃអគារនេះ មានរាងជាអក្សរ H នៅចំកណ្តាលនៃអគារត្រូវបានរចនាឡើងតាមបែបក្លាស៊ិកចម្រុះគ្នា រវាងស្ថាបត្យកម្មសម័យបុរាណខ្មែរ និងស្ថាបត្យកម្មសម័យទំនើប សហសម័យ ដោយមានការតុបតែងគ្រឿងលម្អវិចិត្រកម្មបុរាណខ្មែរ សម័យអង្គរនិយម មានរចនាជាក្បាច់ក្បាលនាគ ក្បាច់ខ្នងនាគ ក្បាច់ហោជាងជាមួយក្បាច់ផ្តែរ ក្បាច់សសរខាងលើ-ខាងក្រោម និងមាននិមិត្តសញ្ញាធនាគារ ARDB នៅខាងក្រោម។ នៅក្លោងទ្វារចូលអគារ មានរចនាក្បាច់បាំងខ្លែង១វង់ ដែលមានក្បាច់ក្បាលនាគ រួមជាមួយប្រាសាទព្រះភូមិសងខាង និងនៅតាមក្បាលសសររបងព័ទ្ធជុំវិញបរិវេណអគារ ហើយនៅក្រោមក្បាច់បាំងខ្លែងមានឆ្លាក់ ឈ្មោះធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម។
អគារការិយាល័យកណ្តាលថ្មីនេះ កសាងឡើងដើម្បីឆ្លើយតបទៅនឹងការពង្រីកសកម្មភាពអាជីវកម្ម, កំណើនបុគ្គលិកពីមួយឆ្នាំទៅមួយឆ្នាំ, ផែនការយុទ្ធសាស្ត្រអាជីវកម្មរយៈពេលមធ្យម និងរយៈពេលវែងរបស់ធនាគារ ARDB ស្របតាមផែនទីចង្អុលផ្លូវរយៈពេល ១០ឆ្នាំ ខាងមុខ, និងដើម្បីឱ្យបុគ្គលិកបំពេញការងារប្រកបដោយផាសុខភាព និងសុវត្ថិភាព ក្នុងការបំពេញសេវាធនាគារជូនអតិថិជន ជាពិសេស ការបំពេញតួនាទីជាធនាគារបម្រើគោលនយោបាយអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាលឱ្យមានប្រសិទ្ធភាព និងស័ក្កិសិទ្ធិភាព៕