ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា កាលពីថ្ងៃទី២៩ មេសា បានសេចក្ដីណែនាំដល់សិស្សានុសិស្សឱ្យថែរក្សាសុខភាព អំឡុងពេលអាកាសធាតុក្ដៅខ្លាំង ដើម្បីបង្ការហានិភ័យសុខភាពដូចជា ជំងឺបេះដូង ជំងឺសួត រលាកស្បែកឡើងក្រហម និងអាចបង្កជាជំងឺផ្សេងៗដូចជា ជំងឺរាក ជំងឺកង្វះអាហារូបត្ថម្ភ ឬក៏អាចមានបញ្ហាសុខភាពផ្លូវចិត្តជាដើម។
អំឡុងពេលអាកាសធាតុក្ដៅនេះ ក្រសួងអប់រំ យុវជន និងកីឡា ណែនាំសិស្សឱ្យទទួលទានទឹកស្អាត ឬទឹកដាំពុះដោយទុកឱ្យត្រជាក់ (ចៀសវាងញ៉ាំទឹកក្ដៅ) នឹងត្រូវទទួលទានទឹកឱ្យបានច្រើននិងញឹកញាប់ លើសពី២លីត្រក្នុងមួយថ្ងៃ ទោះបីជាមិនមានស្រេកទឹកក៏ដោយ ពិសេសត្រូវតាមដានទឹកនោមដោយមិនត្រូវបណ្តោយឱ្យទឹកនោមឡើងពណ៌លឿងចាស់នោះទេ។ សិស្សានុសិស្សត្រូវប្រកាន់ខ្ជាប់នូវក្បួនអនាម័យល្អ ហូបស្អាត ផឹកស្អាត រស់នៅស្អាត ជាប់ជាប្រចាំ។
បន្ថែមពីនេះ សិស្សានុសិស្សត្រូវទទួលទានបន្លែ ផ្លែឈើដែលសម្បូរជាតិសរសៃនិងជាតិទឹកឱ្យបានញឹកញាប់។ ជាពិសេស ត្រូវស្លៀកសម្លៀកបំពាក់ការពារកម្ដៅ និងការពារការរលាកស្បែកដោយពន្លឺព្រះអាទិត្យ ដូចជាសម្លៀកបំពាក់រលុង ស្រាល មានពណ៌ស្រាល ពាក់វ៉ែនតាការពារពន្លឺថ្ងៃ ពាក់មួកដែលមានគែមធំទូលាយ ឬប្រើឆ័ត្រជារបាំងការពារកម្ដៅថ្ងៃពេលចេញក្រៅ ឬពេលធ្វើដំណើរ និងផ្លាស់ប្ដូរសម្លៀកបំពាក់ប្រសិនបើវាសើមខ្លាំង។
ជាមួយគ្នានោះ សិស្សានុសិស្ស ត្រូវចៀសវាងពិសាភេសជ្ជៈដែលបណ្ដាលឱ្យជាតិទឹកនៅក្នុងរាងកាយថយចុះមានដូចជា កាហ្វេ តែ ភេសជ្ជៈដែលមានជាតិកាហ្វេអ៊ីន និងជាតិស្ករច្រើន ជាតិអំបិលច្រើន ត្រូវចៀសវាងនៅក្រោមពន្លឺថ្ងៃដោយផ្ទាល់យូរពេក ត្រូវស្វែងរកម្លប់ជ្រក ឬប្រើរបាំងការពារកម្ដៅ ព្រះអាទិត្យ និងកាត់បន្ថយការឱ្យពន្លឺព្រះអាទិត្យចូលក្នុងថ្នាក់រៀនច្រើនពេក និងយូរពេក ពិសេស ត្រូវកាត់បន្ថយការទទួលទានម្ហូបអាហារដែលប្រៃពេក ផ្អែមពេក និងខ្លាញ់ច្រើនពេក ផ្ទុយមកវិញត្រូវ ទទួលទានម្ហូបអាហារណាដែលមានអំបិលតិច ផ្អែមតិច និងខ្លាញ់តិច៕