
ភ្នំពេញ៖ សម្តេចហ៊ុន សែន បានសំដែងក្តីរីករាយជាពន់ពេក ចំពោះអ្នកជំងឺកូវីដ -១៩ នៅកម្ពុជាទាំងអស់បានជាសះស្បើយ។ នេះបើតាមហ្វេសប៊ុក ផ្លូវការរបស់សម្ដេច នាព្រឹកថ្ងៃ១១ កញ្ញា ឆ្នាំ២០២០។
សម្ដេច ហ៊ុន សែន បានសម្ដែងក្ដីរីករាយចំពោះ អ្នកជំងឺកូវីដ១៩ ទាំង២៧៤នាក់ ដែលទទួលបានការព្យាបាលយ៉ាងយកចិត្តទុកដាក់ ពីសំណាក់គ្រូពេទ្យ រហូតទទួលបានការជាសះស្បើយ។
សម្តេច បានមានប្រសាសន៍ថា «ខ្ញុំសូមចូលរួមរីករាយជាមួយដំណឹងពីក្រសួងសុខាភិបាល ដែលបានបញ្ជាក់ថា នៅក្នុងដំណាក់កាលទី២ នៃការឆ្លងរាលដាល ជំងឺកូវីដ-១៩ ដែលមានអ្នកជំងឺ ២៧៤ នាក់ គិតមកដល់យប់មិញនេះអ្នកជំងឺទី ២៧៤ ដែលជាអ្នកជំងឺកូវីដ-១៩ចុងក្រោយ បានព្យាបាលជាសះស្បើយហើយ ដែលនេះជាដំណឹងដ៏រីករាយបំផុតសម្រាប់កម្ពុជាយើង»។
យ៉ាងណាមិញ សម្តេច នៅតែអំពាវនាវសូមឱ្យបងប្អូនបន្តចូលរួមថែរក្សាសុខភាព អនាម័យឱ្យបានល្អកុំឱ្យឆ្លងកូវីដ-១៩ឱ្យសោះ ដោយត្រូវឧស្សាហ៍ដុសលាងសម្អាតដៃជាមួយសាប៊ូ ទឹកអាល់កុល ហើយ ពាក់ម៉ាស នៅកន្លែងចាំបាច់ ដូចជានៅកន្លែងទីប្រជុំជន ដែលមានមនុស្សច្រើនអ៊ូអរដូចជាក្នុងពិធីបុណ្យនៅតាមវត្តអារាម ជាដើម។
សូមជម្រាបជូនថា កម្ពុជារកឃើញករណីកូវីដ១៩ ដំបូងលើបុរសជនជាតិចិន ក្នុងខេត្តព្រះសីហនុ កាលពីថ្ងៃទី២៧ មករា ឆ្នាំ២០២០ កន្លងទៅ ហើយ គិតត្រឹមថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០នេះ កម្ពុជារកឃើញអ្នកផ្ទុកជំងឺកូវីដ១៩ សរុបចំនួន ២៧៤នាក់ និងព្យាបាលជាសះស្បើយ (១០០%) ពោលគឺមិនមានអ្នកជំងឺណាម្នាក់សេសសល់ទៀតឡើយ៕