681 ezgif.com resize
Swift cc time

រោងចក្រដំឡើងរថយន្តជប៉ុនTOYOTAនឹងសម្ពោធដាក់ឱ្យប្រើប្រាស់នៅថ្ងៃទី២ឧសភា

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ រោងចក្រដំឡើងរថយន្តរបស់ក្រុមហ៊ុនជប៉ុន Toyota នឹងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី ០២ ខែឧសភា ឆ្នាំ ២០២៤ ក្រោមវត្តមានសម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។រោងចក្រនេះមានតម្លៃប្រមាណ ៣៦,៧ លានដុល្លារ និង មានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ។

អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា យល់ឃើញថា នេះជាការវិនិយោគដ៏ល្អមានស្ថិរភាព ហើយនឹងជួយលើកតម្កើងសេដ្ឋកិច្ចកម្ពុជា។ ក្រុមហ៊ុន Toyota ដែលវិនិយោគនៅក្នុងប្រទេសកម្ពុជានាពេលនេះ គឺជាឈ្នាន់មួយជួយជំរុញការទាក់ទាញវិនិយោគិនបន្ថែមទៀត ខណៈសម្ដេច ហ៊ុន ម៉ាណែត បន្តជួយទាក់ទាញវិនិយោគិនបរទេសដោយផ្ទាល់។

អ្នកឧកញ៉ា លឹម ហេង បានបន្តថា ការដំឡើងរោងចក្រនៅក្នុងស្រុក ធ្វើឱ្យតម្លៃរថយន្តធូរថ្លៃជាងការនាំចូល ហើយក៏អាចឱ្យកម្ពុជាក្លាយជាទីផ្សារមួយក្នុងការចែកចាយរថយន្តទៅក្នុងទីផ្សារអាស៊ានផងដែរដែលមានរហូតដល់ ៦០០ លាននាក់។

គួរបញ្ជាក់ថា ក្រុមហ៊ុន Toyota Tsusho Manufacturing (Cambodia) Co., Ltd. ត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) សម្រេចចេញវិញ្ញាបនបត្រកាលពីថ្ងៃទី ៨ ខែកញ្ញា ឆ្នាំ ២០២២ លើគម្រោងបង្កើតរោងចក្រផ្គុំ និងដំឡើងរថយន្តនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ មានទុនវិនិយោគ ៣៦,៧ លានដុល្លារ និងអាចបង្កើតការងារបាន ១៥០ នាក់៕

Khcct banner

អត្ថបទទាក់ទង