Cctimesw1140xh150cm copy

ព្រះមហាក្សត្រ និង សម្តេចម៉ែប្រទាន«ព្រះរាជសាររំលែកទុក្ខ»ជូនគ្រួសារយោធិនពលី

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតា នរោត្តម មុនិនាថ សីហនុ នៃព្រះរាជាណាចក្រកម្ពុជា បានប្រទានព្រះរាជសាររំលែកទុក្ខ និងជូនពរឱ្យឆាប់ជាសះស្បើយ ជូនក្រុមគ្រួសារយោធិនពលី និង យោធិនរងរបួស នៅយោធភូមិភាគទី៣ ក្នុងខេត្តកំពង់ស្ពឺ។

នៅក្នុងព្ររាជសារនោះ សម្តេចទាំងទ្វេបានសម្តែងព្រះហឫទ័យតក់ស្លុត ដោយបានទទួលដំណឹងដ៏រន្ធត់ អំពីឧបទ្ទវហេតុផ្ទុះគ្រាប់ នៅយោធភូមិភាគទី៣ ក្នុងខេត្តកំពង់ស្ពឺ នៅរសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤ ដែលបណ្តាលឱ្យយោធិនកម្ពុជា២០នាក់ពលី និង របួសជាច្រើននាក់។

ព្រះមហាក្សត្រ  និងសម្តេចម៉ែ បង្ហាញពីសេចក្តីសោកស្តាយជាទីបំផុត និង ចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ ជាមួយក្រុមគ្រួសារនៃយោធិនទាំងអស់ ដែលជាអ្នកស្នេហាជាតិ ហើយបានពលីក្នុងបេសកកម្មបម្រើជាតិ មាតុភូមិ និង សូមឱ្យវិញ្ញាណក្ខន្ធយោធិនពលីទាំងអស់ បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ និង សូមឱ្យបានឆាប់ជាសះស្បើយ។

គួរបញ្ជាក់ថា ឧបទ្ទវហេតុផ្ទុះគ្រាប់ដ៏រន្ធត់បានកើតឡើងនៅ ថ្ងៃទី ២៧ ខែមេសា ដោយបានផ្តាច់ជីវិតមន្ត្រីយោធិនកម្ពុជាប្រមាណ២០នាក់។ហេតុការណ៍នេះកើតឡើងនៅ យោធភូមិភាគទី៣ ក្នុងខេត្តកំពង់ស្ពឺ។ក្នុងរបាយការណ៍ បានគូសបញ្ជាក់ថា មន្ត្រីយោធិនកម្ពុជា១៥នាក់តាមរយៈលិខិតបេសកកម្ម ដឹកគ្រប់យុទ្ធភណ្ឌពីខេត្តកោះកុងមកដាក់យោធភូមិភាគទី៣ ក្នុងខេត្តកំពង់ស្ពឺ លុះមកដល់ម៉ោងប្រហែលជាង២រសៀល ចំណុចឃ្លាំងបច្ចេកទេស នៃយោធភូមិភាគទី៣ ខេត្តកំពង់ស្ពឺក៏បានផ្ទុះឃ្លាំងគ្រាប់ដោយផ្តាច់ជីវិតមន្ត្រីយោធិនពីខេត្តកោះកុងទាំង១៥នាក់ មន្ត្រីប្រចាំការ៥នាក់ និងរងរបួសមួយចំនួន។

សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ចូលរួមរំលែកមរណទុក្ខយ៉ាងក្រៀមក្រំបំផុត ចំពោះក្រុមគ្រួសារយោធិនពលី ហើយរាជរដ្ឋាភិបាលនឹងទទួលរ៉ាប់រងទាំងស្រុង លើការចំណាយរៀបចំពិធីបុណ្យសពនេះ និង ផ្តល់ការឧបត្ថម្ភជាថវិកាជូនគ្រួសារយោធិនពលី ២ ម៉ឺនដុល្លារ ក្នុងមួយគ្រួសារសព ហើយចំពោះយោធិនដែលរងរបួសក្នុងឧបទ្ទវហេតុនេះ ក្នុងម្នាក់ៗចំនួន២០លានរៀល។

ក្រៅពីនេះក៏មាន មន្ត្រីរាជរដ្ឋាភិបាលកម្ពុជា និង ប្រជាពលរដ្ឋជាច្រើននាក់ បានប្រើប្រាស់បណ្តាញសង្គមសម្តែងការសោកស្តាយ និង ចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារនៃសពយោធិនរបស់កម្ពុជាដែលបានពលីជីវិតក្នុងឧបទ្ទវហេតុនេះ៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង