ភ្នំពេញ៖ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ និងទទួលបានការគាំទ្រដោយអង្គការអន្តរជាតិខាងការងារ (ILO) នឹងរៀបចំពិព័រណ៍ការងារ និងមគ្គទេសន៍អាជីពនាដើមខែឧសភា ឆ្នាំ២០២៤ ខាងមុខនេះ។ ក្នុងពិព័ររណ៍នេះនឹងមានក្រុមហ៊ុន និងសហគ្រាសធំៗចំនួន ២០ ដែលនឹងផ្តល់ឱកាសការងារជាង ៥ពាន់កន្លែង ដល់យុវជន សិស្ស/និស្សិត និងអ្នកស្វែងរកការងារធ្វើ។
បើតាមសេចក្ដីប្រកាសរបស់ក្រសួងការងារ ពិព័រណ៍ការងារ និងមគ្គទេសន៍អាជីព នឹងត្រូវរៀបចំរយៈពេល២ថ្ងៃជាប់គ្នា គឺនៅថ្ងៃទី ៩-១០ ខែឧសភា ឆ្នាំ២០២៤ នៅទីតាំង អាគារ KAMPUS ជិតស្ពានអាកាសក្បាលថ្នល់។
ក្រសួងការងារបានបញ្ជាក់ថា ព័រណ៍ការងារ និងមគ្គទេសន៍អាជីព ឆ្នាំ២០២៤ នេះ រំពឹងថានឹងទាក់ទាញយុវជន សិស្ស/និស្សិត និងអ្នកស្វែងរកការងារធ្វើ រាប់ពាន់នាក់មកចូលរួមទស្សនា ស្វែងយល់អំពីទីផ្សារការងារនៅកម្ពុជា និងដាក់ពាក្យសម្ភាសការងារភ្លាមៗជាមួយតំណាងក្រុមហ៊ុន សហគ្រាសធំៗជាច្រើន៕