កំពង់ស្ពឺ៖ឧបទ្ទវហេតុផ្ទុះគ្រាប់ដ៏រន្ធត់មួយបានកើតឡើងនៅវេលាម៉ោងប្រហែលជាង២ ថ្ងៃទី ២៧ ខែមេសា ដោយបានផ្តាច់ជីវិតមន្ត្រីយោធិនកម្ពុជាប្រមាណ២០នាក់។ហេតុការណ៍នេះកើតឡើងនៅ យោធភូមិភាគទី៣ ក្នុងខេត្តកំពង់ស្ពឺ ក្នុងពេលមន្ត្រីយោធិនកម្ពុជាដឹកគ្រាប់យុទ្ធភណ្ឌពីខេត្តកោះកុងមកដាក់នៅកំពង់ស្ពឺ។
របាយការណ៍ពីមន្ត្រីជំនាញ បានគូសបញ្ជាក់ថា មន្ត្រីយោធិនកម្ពុជាចំនួន១៥នាក់តាមរយៈលិខិតបេសកកម្ម បានដឹកគ្រប់យុទ្ធភណ្ឌពីខេត្តកោះកុងមកដាក់យោធភូមិភាគទី៣ ក្នុងខេត្តកំពង់ស្ពឺ លុះមកដល់ម៉ោងប្រហែលជាង២រសៀល ចំណុចឃ្លាំងបច្ចេកទេស នៃយោធភូមិភាគទី៣ ខេត្តកំពង់ស្ពឺក៏បានផ្ទុះឃ្លាំងគ្រាប់ដោយផ្តាច់ជីវិតមន្ត្រីយោធិនពីខេត្តកោះកុងទាំង១៥នាក់ មន្ត្រីប្រចាំការ៥នាក់ និងរងរបួសមួយចំនួន។
បើតាមរបាយការណ៍ក្នុងហេតុការណ៍ផ្ទុះនោះ ខ្ទេចរថយន្តដឹកចំនួន១គ្រឿនរួមទាំងគ្រាប់ក្នុងរថយន្ត និងប៉ះពាល់ដល់រថយន្តចំនួន៤គ្រឿនទៀត។ខូចខាតអគារក្នុងយោធភូមិភាគទី៣ចំនួន៤ខ្នង ផ្ទះប្រជាពលរដ្ឋ២៥ខ្នង។
ភ្លាមៗនៃឧបទ្ទវហេតុនេះសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ចូលរួមរំលែកមរណទុក្ខយ៉ាងក្រៀមក្រំបំផុត ចំពោះក្រុមគ្រួសារយោធិនពលី ហើយរាជរដ្ឋាភិបាលនឹងទទួលរ៉ាប់រងទាំងស្រុង លើការចំណាយរៀបចំពិធីបុណ្យសពនេះ និង ផ្តល់ការឧបត្ថម្ភជាថវិកាជូនគ្រួសារយោធិនពលី ២ ម៉ឺនដុល្លារ ក្នុងមួយគ្រួសារសព ហើយចំពោះយោធិនដែលរងរបួសក្នុងឧបទ្ទវហេតុនេះ ក្នុងម្នាក់ៗចំនួន២០លានរៀល។
ក្រៅពីនេះក៏មាន មន្ត្រីរាជរដ្ឋាភិបាលកម្ពុជា និង ប្រជាពលរដ្ឋជាច្រើននាក់ បានប្រើប្រាស់បណ្តាញសង្គមសម្តែងការសោកស្តាយ និងចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារនៃសពយោធិនរបស់កម្ពុជាដែលបានបាត់បង់ជីវិតក្នុងឧបទ្ទវហេតុផ្ទុះគ្រាប់ក៏កម្រនេះ៕