ខេត្តក្រចេះ៖ រដ្ឋបាលខេត្តក្រចេះ នាថ្ងៃទី២៦ ខែមេសា បានចេញសេចក្តីណែនាំដល់រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ត្រូវផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឱ្យចូលរួមសហការ ថែរក្សាប្រើប្រាស់ទឹកដោយសន្សំសំចៃក្នុងកម្រិតខ្ពស់ ជាពិសេសបណ្ដាជនបទដែលនៅឆ្ងាយពីប្រភពទឹក។ ជាមួយគ្នានេះរដ្ឋបាលខេត្ត បានណែនាំដល់ប្រជាពលរដ្ឋ ឱ្យយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ចំពោះអាកាសធាតុក្តៅ បាតុភូតផ្គររន្ទះ និងខ្យល់កន្ត្រាក់ ដែលអាចកើតមាននូវគ្រោះថ្នាក់។
យោងតាមសេចក្តីប្រកាសរបស់ រដ្ឋបាលខេត្តក្រចេះ ក៏បានណែនាំដល់មន្ទីរធនធានទឹក និងឧតុនិយខេត្ត និងមន្ទីរអភិវឌ្ឍន៏ជនបទខេត្ត ត្រូវសហការជាមួយមន្ត្រីជំនាញពាក់ព័ន្ធបន្តតាមដានកត់ត្រា និងផ្តល់ព័ត៌មានបច្ចុប្បន្នភាព ស្ថានភាពអាកាសធាតុរៀលរាល់ថ្ងៃ និងស្ថានភាពទឹក សម្រាប់ប្រើប្រាស់ ទៅកាន់លេខាធិការដ្ឋាន នៃគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត។
ការដែលរដ្ឋបាលខេត្តក្រចេះ ចេញសេចក្តីណែនាំបែបនេះ ដោយយោងសេចក្តីជូនដំណឹង ស្តីពីស្ថានភាពធាតុអាកាស របស់ក្រសួងធនធានទឹក និងឧតុនិយមកាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ និងព្រឹត្តិបត្រព័ត៌មានមន្ទីរធនធានទឹក និងឧតុនិយមខេត្ត នាថ្ងៃទី២៥ ខែមេសាឆ្នាំ២០២៤ ថា សីតុណ្ហភាពអតិបរិមានៅខេត្តក្រចេះកើនឡើងដល់៤១,៥អង្សាសេ៕