កំពង់ស្ពឺ៖ លោក ជួន គន្ធា និងលោក មិន ផាន្នី រួមជាមួយបក្ខពួក ត្រូវបានសាលាដំបូងខេត្តកំពង់ស្ពឺ ផ្ដើមការចោទប្រកាន់ ក្រោយរកឃើញថាបុគ្គលនេះ ប្រព្រឹត្តបទល្មើស ប៉ុនប៉ងឆបោក បានរៀបចំរចនាសម្ព័ន្ធឆបោកប្រជាពលរដ្ឋ និងសកម្មភាព ក្លែងឯកសារផ្សេងៗទៀត ដើម្បីឈានទៅទន្ទ្រានរុករានដីរដ្ឋ ក្នុងគោលបំណងយកមកធ្វើជាកម្មសិទ្ធិរបស់ក្រុមខ្លួន។
លោក ជួន គន្ធា បានធ្វើការផ្សព្វផ្សាយចែកដី ដល់ពលរដ្ឋក្រីក្រចំនួន ៦០០០ឡូត៍ លើផ្ទៃដីសរុបទំហំ ៤២០ហិកតា ស្ថិតនៅចំណុចភូមិរោងម៉ាស៊ីន ភូមិត្រពាំងធៀ ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដោយការចែកដីនេះ ក្នុងមួយគ្រួសារអាចទទួល បាន១០ឡូត៏ចុះ (ទំហំដី ១០ម៉ែត្រ x ៣០ម៉ែត្រ ក្នុងមួយឡូត៍) និង តម្រូវឱ្យជួយថ្លៃសេវារដ្ឋបាលជាមុន ក្នុងមួយឡូតិ៍ ៤៥០ដុល្លារអាម៉េរិក សម្រាប់ការរត់ការឯកសារ ឈូសឆាយដី និងពង្រាបដី។ប៉ុន្តែដីនោះ ត្រូវបានតុលាការរកឃើញថា ជាដីរបស់រដ្ឋ មិនមានឯកសារបញ្ជាក់កម្មសិទ្ធិពីអាជ្ញាធរ។
លទ្ធផលនៃការស៊ើបអង្កេត តំណាងអយ្យការ ផ្ដើមការចោទប្រកាន់ទៅលើឈ្មោះ ជួន គន្ធា និងឈ្មោះ មិន ផាន្នី ហៅ ម៉ៅ និងបក្ខពួក បញ្ចូនទៅសាលាដំបូងខេត្តកំពង់ស្ពឺ ពាក់ព័ន្ធបទល្មើសប៉ុនប៉ងឆបោក, ញុះញង់ឱ្យមានការប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍, ក្លែងបន្លំឯកសារសាធារណៈ, ប្រើប្រាស់ឯកសារ សាធារណៈក្លែង, កាប់គាស់ រុករាន និងឈូសឆាយដីព្រៃ ដើម្បីយកដីធ្វើជាកម្មសិទ្ធិដោយគ្មានការអនុញ្ញាត៕