ព្រះសីហនុ៖ កម្ពុជា-ថៃ បានត្រៀមរៀបចំយន្តហោះខ្នាតតូចចំនួន ១៦គ្រឿង ដើម្បីធ្វើការហោះសម្តែង ក្នុងកម្មវិធី «ហោះហើរមិត្តភាពកម្ពុជា-ថៃ ឆ្នាំ២០២៤» នៅ ទីលានតេជោ ខេត្តព្រះសីហនុ ដែលធ្វើឡើងរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី ២៦-២៧ ខែមេសា ឆ្នាំ ២០២៤ ខាងមុខ។
លោក ឡុង ឌីម៉ង់ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ បានបញ្ចាក់ក្រោយពីកិច្ចប្រជុំសម្របសម្រួលបច្ចេកទេសថា រដ្ឋបាលខេត្តព្រះសីហនុ សហការជាមួយសមាគមទេសចរណ៍ (CATA) និងសមាគមហោះហើរប្រទេសថៃ(TEAA) រៀបចំកម្មវិធី ហោះហើរមិត្តភាពកម្ពុជា-ថៃ ឆ្នាំ២០២៤ «Cambodia-Thai Friendship Air Show 2024» នាថ្ងៃទី ២៦-២៧ ខែ មេសា ឆ្នាំ ២០២៤ នៅទីលានតេជោ ក្រុងព្រះសីហនុ។
យន្តហោះខ្នាតតូចចំនួន ១៦ គ្រឿង នឹងហោះមកពីប្រទេសថៃ ចុះចតនៅអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ ក្រោមកិច្ចសម្របសម្រួលរបស់ក្រុមហ៊ុនអាកាសចរណ៍កម្ពុជា ដើម្បីត្រៀមធ្វើការហោះហើរសម្តែងជូនទេសចរជាតិ និងអន្តរជាតិ បានទស្សនាកម្សាន្ត ក៏ដូចជាផ្តល់ឱកាសឱ្យអ្នកទស្សនាទូទៅអាចថតរូប និងផ្សព្វផ្សាយអំពីសក្តានុពលទេសចរណ៍របស់ខេត្តផងដែរ។
លោកអភិបាលរង បានបន្ថែមថា គោលបំណងនៃ ព្រឹត្តិការណ៍នេះ មានទិសដៅស្របគ្នានឹងគោលនយោបាយបើកចំហជើងហោះហើរ របស់រាជរដ្ឋាភិបាល និងមានគោលដៅលើកស្ទួយ វិស័យទេសចរណ៍ និងធុរកិច្ចរវាងកម្ពុជា-ថៃ តាមរយៈការឆ្លុះបញ្ចាំងអំពីមិត្តភាពដ៏ល្អរវាងប្រទេសទាំង២៕