ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងចិន បានឯកភាពក្នុងការឆ្លៀតចាប់យកកាលានុវត្តភាពនៃ "ឆ្នាំផ្លាស់ប្ដូរប្រជាជន និងប្រជាជនកម្ពុជា-ចិន" ដោយមានជាការជំរុញការផ្លាស់ប្តូរទេសចរណ៍រវាងប្រទេសទាំងពីរ និងការបង្កើនជើងហោះហើរទ្វេទិសប្រកបដោយសណ្តាប់ធ្នាប់ជាដើម។ ការឯកភាពនេះត្រូវបានធ្វើឡើងនាឱកាសមកបំពេញទស្សនកិច្ចជាផ្លូវការរបស់លោក វ៉ាង យី រដ្ឋមន្រ្តីការបរទេសចិននៅកម្ពុជា ចាប់ពីថ្ងៃទី២១-២៣ ខែមេសា ឆ្នាំ២០២៤ និងបានជួបពិភាក្សាការងារជាមួយសម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ក៏ដូចជាភាគីពាក់ព័ន្ធជាច្រើនទៀត។
ក្រៅពីការបង្កើនជើងហោះហើររវាងគ្នា ភាគីទាំងពីរក៏បានឯកភាពគ្នាក្នុងការបន្សំគំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និងផ្លូវ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ឱ្យកាន់តែស៊ីជម្រៅ, ពន្លឿនការបង្កើតផែនការសហប្រតិបត្តិការសម្រាប់ច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា, ជំរុញការរៀបចំផែនការគោល និងការរៀបចំផ្លូវដែកកម្ពុជា-ចិន, និងផ្ដល់មជ្ឈ-មណ្ឌលធ្វើនិទស្សន៍កសិកម្មចិន និងគម្រោងប្រមូលផលដើមដៃផ្សេងទៀតនៃច្រករបៀងមច្ឆា និងអង្ករ និងធ្វើឱ្យកាន់តែស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយកម្ពុជា-ចិន។
ភាគីទាំងពីរនឹងធានាឱ្យបាននូវការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិនប្រកបដោយគុណភាពខ្ពស់,ជំរុញការនាំចូលផលិតផលកសិកម្មរបស់កម្ពុជាទៅកាន់ប្រទេសចិន, និងលើកទឹកចិត្តឱ្យធុរជនចិនមកបណ្តាក់ទុនវិនិយោគនៅកម្ពុជាឱ្យកាន់តែច្រើន។
ភាគីទាំងពីរបានឯកភាពក្នុងការឆ្លៀតចាប់យកកាលានុវត្តភាពនៃ "ឆ្នាំផ្លាស់ប្ដូរប្រជាជន និងប្រជាជនកម្ពុជា-ចិន" ជំរុញការផ្លាស់ប្តូរទេសចរណ៍រវាងប្រទេសទាំងពីរ, បង្កើនជើងហោះហើរទ្វេទិសប្រកបដោយសណ្តាប់ធ្នាប់, គាំទ្រកម្ពុជាក្នុងការប្រើប្រាស់ឱ្យអស់ពីសក្ដានុពលនៃធនធានទេសចរណ៍ និងធនធានរបស់ខ្លួន, និងដាក់ចេញបន្ថែមនូវការផ្លាស់ប្តូររវាងយុវជន, ប្រជាជនមូលដ្ឋាន និងក្រុមមិត្តភាព។ ទន្ទឹមនេះ កម្ពុជានឹងគាំទ្រដល់ការបើកដំណើរការឡើងវិញនូវមជ្ឈមណ្ឌលវប្បធម៌ចិននៅកម្ពុជា។ ក្រៅពីនេះ ភាគីទាំងពីរបានចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការលើវិស័យនានារួមមានហេដ្ឋារចនាសម្ព័ន្ធ, អធិការកិច្ច, និងចត្តាឡីស័ក។
គួរបញ្ជាក់ថា នាពេលថ្មីៗកន្លងទៅនេះ ក្រុមហ៊ុនផលិតយន្តហោះរបស់រដ្ឋចិន COMAC នឹងធ្វើការបង្ហាញយន្តហោះ C919 និង ARJ21 របស់ខ្លួន ក្នុងរយៈពេលពីរសប្តាហ៍ខាងមុខ នៅក្នុងប្រទេសចំនួនប្រាំនៅអាស៊ីអាគ្នេយ៍ ហើយក្នុងនោះ ប្រទេសកម្ពុជាក៏នឹងក្លាយជាគោលដៅហោះហើរសាកល្បងរបស់ក្រុមហ៊ុនមួយនេះដែរ។ នេះបើតាមការលើកឡើងរបស់លោក ស៉ីន ចាន់សេរីវុត្ថា អនុរដ្ឋលេខាធិកា និងអ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល៕