Cctimesw1140xh150cm copy

អាគារមជ្ឈមណ្ឌលផ្ដល់សេវាវះកាត់នៃមន្ទីរពេទ្យបង្អែកខេត្តសៀមរាបត្រូវបានសម្ពោធឱ្យប្រើប្រាស់ផ្លូវការ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

សៀមរាប៖ អាគារមជ្ឈមណ្ឌលផ្ដល់សេវាវះកាត់នៃមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ត្រូវបានសម្ពោធឱ្យប្រើប្រាស់ផ្លូវការ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤។

នាឱកាសនេះ សម្ដេច ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា មូលធនមនុស្ស មានសុខភាពល្អ និងគុណភាពខ្ពស់ គឺជាទ្រព្យសកម្មជាតិដ៏មានតម្លៃ និងជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ ។ ការលើកកម្ពស់សុខភាព និងសុខុមាលភាពប្រជាជន គឺជាអាទិភាពមួយ ក្នុងចំណោមអាទិភាពទាំង៥ ដែលរាជរដ្ឋាភិបាលផ្តោតលើ សម្រាប់ការអភិវឌ្ឍមូលធនមនុស្ស ដោយមានគោលដៅយុទ្ធសាស្ត្រផ្តោត លើការបន្តកាត់បន្ថយអត្រាឈឺ និងស្លាប់បណ្តាលមកពីជំងឺមិនឆ្លងចម្បងៗ និងការលើកកម្ពស់សុខភាពបន្តពូជ សុខភាពទារក កុមារ និងមាតា ។

គួរបញ្ជាក់ថា អគារថ្មីមួយដែលមានការបំពាក់ឧបករណ៍វេជ្ជសាស្រ្តទំនើប មានឈ្មោះថា “ មណ្ឌលផ្តល់សេវាផ្នែកវះកាត់នៃមន្ទីរពេទ្យបង្អែកខេត្តសៀមរាប” ជាជំនួយឥតសំណងរបស់រដ្ឋាភិបាលនៃប្រទេសជប៉ុន តាមរយៈអង្គការ JICA ត្រូវបានចាប់ផ្តើមសាងសង់នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២១ និងបានបញ្ចប់នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣ ដែលស្ថិតក្នុងមន្ទីរពេទ្យបង្អែកខេត្ដសៀមរាប នៅភូមិមណ្ឌល១ សង្កាត់ស្វាយដង្គុំ ខេត្តសៀមរាប។ អគារនេះមានទំហំ ២៥ម៉ែត្រ គុណ ៦៨ម៉ែត្រ មានផ្ទៃក្រឡាសំណង់សរុប ៦ ៨០០ម៉ែត្រក្រឡា មានកម្ពស់៤ជាន់ មានរចនាសម្ព័ន្ធខាងក្នុងតាមស្តង់ដាអន្តរជាតិ ដែលមានគ្រែ សម្រាកពេទ្យសរុប ចំនួន២២៦គ្រែ និងមានបន្ទប់វះកាត់ ចំនួន៦បន្ទប់៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង