ភ្នំពេញ៖ គិតត្រឹមពាក់កណ្តាលខែមេសា ឆ្នាំ២០២៤នេះ គម្រោងស្ថាបនាស្ពានឆ្លងទន្លេបាសាក់«ចាក់អង្រែក្រោម-ព្រែកប្រា» សម្រេចបានជាង ៧,៥% បន្ទាប់ពីសម្ពោធបើកការដ្ឋានសាងសង់ផ្លូវការកាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤។បច្ចុប្បន្ន សសរគ្រឹះចំនួន២៤ដើម នៃជើងតាងទី៩ បានចាក់បេតុងរួចរាល់ ១០០% និង កំពុងបន្តរៀបចំដំឡើងពុម្ព ហើយសសរគ្រឹះជើងតាងទី១០ មានចំនួនសរុប ១២ដើម ដំណើរការខួងរួចបាន ៤ដើម។នេះបើយោងតាមរបាយការណ៍ពីក្រសួងសាធារណការ និងដឹកជញ្ជូន ផ្តល់ជូនដល់ ស៊ីស៊ីថាមស៍។
គម្រោងសាងសង់ស្ពានឆ្លងទន្លេបាសាក់-ចាក់អង្រែក្រោម មានប្រវែងសរុប ១.៦៥០ម៉ែត្រ (ប្រវែងស្ពាន ៨៤៥,៧០ម៉ែត្រ, ទទឹងផ្លូវ២៧ម៉ែត្រ,ផ្លូវតភ្ជាប់ក្បាលស្ពានប្រវែង ៨០៤,៣០ម៉ែត្រ, ទទឹងផ្លូវ ២៧ម៉ែត្រ) សាងសង់ដោយក្រុមហ៊ុន សំណង់សៀងហៃ,ទីប្រឹក្សាគម្រោងដោយក្រុមហ៊ុនក្វាងចូវវ៉ានអាន។
ក្រសួងសាធារណការ និងដឹកជញ្ជូន រំពឹងថា ពេលសាងសង់រួច ស្ពាននេះនឹងជួយ កាត់បន្ថយការកកស្ទះចរាចរណ៍លើស្ពានព្រះមុនីវង្សឆ្លងកាត់ទន្លេបាសាក់ ភ្ជាប់ផ្លូវជាតិលេខ១ នៅខណ្ឌច្បារអំពៅ។ ជួយពង្រឹងដល់ទំនាក់ទំនងសេដ្ឋកិច្ចសង្គម រវាងរាជធានីភ្នំពេញប៉ែកខាងត្បូង ព្រលានយន្តហោះអន្តរជាតិតេជោក្រុងតាខ្មៅ ជាពិសេស ធ្វើឱ្យប្រសើរឡើងដល់ប្រសិទ្ធភាពនៃការដឹកជញ្ជូន និងភស្តុភារកម្មនៅក្នុងតំបន់រាជធានីភ្នំពេញ។កាត់បន្ថយការកកស្ទះចរាចរណ៍នៅតាមដងទន្លេបាសាក់ និងជួយពន្លឿនការអភិវឌ្ឍតំបន់នោះផងដែរ។
គួរបញ្ជាក់ថា នេះជាស្ពានទី៦ ក្នុងចំណោមស្ពានដែលបានសាងសង់រួច៖ ស្ពានឆ្លងកោះពេជ្រ-កោះនរា, ស្ពានព្រះមុនីវង្សទាំង២, ស្ពានព្រែកសំរោង-តាខ្មៅ ,ស្ពានកោះអន្លង់ចិន, ស្ពានកោះធំ និងស្ពានមួយទៀតកំពុងសិក្សាភ្ជាប់ផ្លូវជាតិលេខ២៣៕