Cctimesw1140xh150cm copy

ក្រសួងបរិស្ថាន ជំរុញការរៀបចំ«របៀងទេសចរណ៍លំហែបៃតង»ក្នុងឧទ្យានជាតិគីរីរម្យ

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

កំពង់ស្ពឺ៖ រដ្ឋមន្រ្តីក្រសួងបរិស្ថាន លោក អ៊ាង សុផល្លែត បានជំរុញឱ្យមន្រ្តីជំនាញ ធ្វើការសិក្សារៀបចំរបៀងទេសចរណ៍លំហែបៃតង ក្នុងឧទ្យានជាតិ«គីរីរម្យ» គឺភ្ជាប់ពីតំបន់ទេសចរណ៍ធម្មជាតិ ជាមួយតំបន់ទេសចរណ៍វប្បធម៌ សាសនា និងប្រវត្តិសាស្រ្ត រួមជាមួយទីតាំងទេសភាពនានា នៅក្នុងពេលខាងមុខ។ គម្រោងនេះត្រូវបានរំពឹងថា នឹងទាញទាញបន្ថែមអ្នកទេសចរណ៍មកទស្សនា និងបង្កើនចំណូលជីវភាពរបស់ប្រជាពលរដ្ឋមូលដ្ឋាន។

លោក អ៊ាង សុផល្លែត នៅក្នុងឱកាសអញ្ជើញចុះពិនិត្យការគ្រប់គ្រង ឧទ្យានជាតិព្រះសុរាម្រឹតកុសមៈ «គីរីរម្យ» នាថ្ងៃអាទិត្យ ទី២១ ខែមេសា ឆ្នាំ២០២៤ បានថ្លែងថា ឧទ្យានជាតិ«គីរីរម្យ» នៅក្នុងភូមិសាស្រ្តខេត្តកំពង់ស្ពឺ បង្កប់នូវសក្តានុពលធម្មជាតិជាច្រើន ដែលទេសចរ អាចមកទស្សនា រួមជាមួយខ្យល់អាកាសត្រជាក់ ល្អបរិសុទ្ធ និងមានធនធានធម្មជាតិស្រស់ស្អាត។

រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានបន្ថែមថា ក្រសួងបរិស្ថាននឹងគិតគូររៀបចំជារបៀងទេសចរណ៍លំហែបៃតង ស្របតាមអនុសាសន៍ណែនាំ របស់សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ដើម្បីពង្រឹងការគ្រប់គ្រងធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ អត្តសញ្ញាណជាតិ ទាក់ទាញទេសចរមកកម្សាន្តកាន់តែច្រើនថែមទៀត និងជួយឱ្យការរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ទទួលបានចំណូលល្អប្រសើរ។

សូមបញ្ជាក់ថា កន្លងមកឧទ្យានជាតិព្រះសុរាម្រឹតកុសមៈ «គីរីរម្យ» បានទាក់ទាញភ្ញៀវទេសចរគ្រប់រដូវកាល ដោយសារ នៅតំបន់នោះ មានដើមស្រល់ជាច្រើន ដុះជាជួរផ្ដល់ជាម្លប់យ៉ាងត្រជាក់ ព្រមទាំងមានទេសភាពធម្មជាតិខៀវស្រងាត់ លាយឡំជាមួយនិងរុក្ខជាតិតូចធំពេញព្រៃ មានទឹកជ្រោះធ្លាក់ជាច្រើនអន្លើ និងសត្វព្រៃ ជាច្រើនប្រភេទរស់នៅផងដែរ។

ជាមួយគ្នានេះ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានជំរុញនិងលើកទឹកចិត្តឱ្យអ្នកពាក់ព័ន្ធ ព្រមទាំងប្រជាពលរដ្ឋ ចូលរួមការពារ និងអភិរក្សធនធានធម្មជាតិ នៅតាមតំបន់ការពារធម្មជាតិ ព្រោះថាសម្បត្តិវប្បធម៌ធម្មជាតិទាំងអស់នេះ គឺទុកសម្រាប់ជាប្រយោជន៍ ជូនសហគមន៍ឱ្យរកប្រាក់ចំណូលបន្ថែម ដើម្បីធ្វើឱ្យជីវភាពប្រជាពលរដ្ឋបានល្អប្រសើរ។ ខណៈដែលមានការរកចំណូលទាំងនេះដែរ លោក អ៊ាង សុផល្លែត បានលើកទឹកចិត្តឱ្យប្រជាសហគមន៍គឺកើតចេញពីភាពស្អាត មិនមានការកេងចំណេញ មិនកុហកភូតភរបោកប្រាស់ភ្ញៀវទេសចរណ៍ដែលមកកម្សាន្តឡើយ៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង