Cctimesw1140xh150cm copy

ក្រសួងការងារចុះMOUជាមួយអង្គភាពHRDKរបស់កូរ៉េ ពង្រឹងប្រសិទ្ធភាពនៃការបញ្ជូនពលករទៅធ្វើការ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
(រូបភាព៖ ក្រសួងការងារ និងបណ្តុះបណ្ដាលវិជ្ជាជីវៈ)

ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤នេះ បានចុះកិច្ចព្រមព្រៀងជាមួយអង្គភាពអភិវឌ្ឍន៍ធនធានមនុស្សនៃសាធារណរដ្ឋកូរ៉េ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងប្រសិទ្ធភាពនៃការបញ្ជូនពលករក្រោមប្រព័ន្ធអនុញ្ញាតមុខរបរ (EPS) ខណៈសាធារណរដ្ឋកូរ៉េគឺជាទីផ្សារការងារដ៏ល្អមួយសម្រាប់ពលករកម្ពុជាដោយអាចទៅធ្វើការងារលើវិស័យសំខាន់ៗជាច្រើននៅទីនោះ ហើយនឹងក្លាយជាកម្លាំងពលកម្មជំនាញពេលវិលត្រលប់មកប្រទេសកម្ពុជាវិញទៀតផង។ នេះបើតាមក្រសួងការងារ និងបណ្ដុះបណ្តាលវិជ្ជាជីវៈ។

លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារជឿជាក់ថា តាមរយៈកិច្ចសហប្រតិបត្តិការរវាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាមួយអង្គភាពអភិវឌ្ឍន៍ធនធានមនុស្សនៃក្រសួងមុខរបរ និងការងារនៃសាធារណរដ្ឋកូរ៉េ នឹងមិនត្រឹមតែផ្តោតលើការជ្រើសរើសពលករកម្ពុជាទៅធ្វើការងារនៅប្រទេសកូរ៉េប៉ុណ្ណោះទេ តែក៏នឹងជួយលើការពង្រឹងជំនាញការងារដល់ពលករកម្ពុជាផងដែរ។ ក្នុងន័យនេះ លោកបានបង្ហាញពីចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលចង់ពង្រីកការបញ្ជូនពលករក្រោមប្រព័ន្ធអនុញ្ញាតមុខរបរ (EPS) និងការពង្រីកទីផ្សាការងារតាមប្រភេទទិដ្ឋាការ E-7 ដែលជាការបញ្ជូនពលករជំនាញ ខណៈកម្ពុជាមានគោលបំណងចង់ឲ្យពលករកម្ពុជាមានជំនាញច្បាស់លាស់ ពេលត្រលប់មកមាតុប្រទេសវិញ ដើម្បីបំពេញតម្រូវការវិស័យការងារជំនាញនៅកម្ពុជា។

លោកក៏បានបញ្ជាក់ទៀតថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងដាក់បញ្ចូលកម្មវិធីសិក្សាភាសាកូរ៉េ នៅតាមវិទ្យាស្ថានបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដែលជាឳកាសដ៏ល្អសម្រាប់ សិស្ស និស្សិតកំពុងសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដែលមានបំណងចេញទៅធ្វើការងារនៅសាធារណរដ្ឋកូរ៉េ ក្រោយបញ្ចប់ការសិក្សាជំនាញតែម្តង។

ជាមួយគ្នានេះ លោក លី វ៉ូយ៉ុង ប្រធានអង្គភាពអភិវឌ្ឍន៍ធនធានមនុស្ស នៃក្រសួងមុខរបរ និងការងារនៃសាធារណរដ្ឋកូរ៉េ (HRDK) បានប្តេជ្ញាថានឹងបន្តគាំទ្រយកចិត្តទុកដាក់លើការពង្រឹងជំនាញរបស់ពលករកម្ពុជានៅក្នុងប្រទេសកូរ៉េ ក៏ដូចជាការប្រឹងប្រែងលើកិច្ចការជ្រើសរើសពលករកម្ពុជាទៅធ្វើការងារនៅប្រទេសកូរ៉េ ឲ្យបានកាន់តែច្រើនថែមទៀត។ តាមរយៈការចុះទស្សនកិច្ចផ្ទាល់នៅក្នុងប្រទេសកូរ៉េ ឯកឧត្តម លី វ៉ូយ៉ុង បានមើលឃើញថា មានពលករកម្ពុជាកំពុងធ្វើការងារលើជំនាញសំខាន់ជាច្រើន ជាក់ស្តែងលើការងារផលិតនាវា ដែលពលករកម្ពុជាទទួលបានការបណ្តុះបណ្តាលជំនាញបានយ៉ាងល្អ៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង