ភ្នំពេញ៖ សាស្ត្រាចារ្យប្រវត្តិសាស្ត្រ សំបូរ ម៉ាណ្ណារ៉ា បានទទួលមរណភាពហើយ នៅព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤នេះ ក្នុងជុន្មាយុ ៦៧ឆ្នាំ ដោយរោគាពាធ។បច្ចុប្បន្នសពរបស់លោកសាស្រ្តាចារ្យ ត្រូវតម្កល់ទុកធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា នៅសង្កាត់សំបួរ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ក្រោយចំណាយពេលព្យាបាលជំងឺអស់ជាច្រើនថ្ងៃនៅទីបំផុត សាស្ត្រាចារ្យប្រវត្តិសាស្ត្រ សំបូរ ម៉ាណ្ណារ៉ា បានទទួលមរណភាព ក្នុងជុន្មាយុ ៦៧ឆ្នាំ ជាដំណឹងដ៏សោកសៅបំផុត។មុនទទួលមរណភាព ក្រុមគ្រួសាររបស់លោកបានព្យាយាមបញ្ជូនលោកសាស្ត្រាចារ្យ ទៅព្យាបាលជំងឺ នៅប្រទេសថៃ ដែលជាជំងឺចាស់របស់លោកធ្លាប់កើតតាំងពីឆ្នាំ២០១៨។ប៉ុន្តែជំងឺរើឡើងវិញនេះ មិនបានធូស្បើយនោះឡើង និង បានបញ្ជូនមកកម្ពុជាវិញ សម្រាប់ព្យាបាលនៅផ្ទះ។
ស្ថានភាពជំងឺកាន់តែអាក្រក់ក្រុមគ្រួសារបានបញ្ជូន លោកសាស្រ្តាចារ្យ សំបូរ មាណ្ណារ៉ា មកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត្រ ហើយចុងក្រោយលោកសាស្រ្តាចារ្យបានទទួលមរណភាពក្នុងជន្មាយុ ៦៧ ឆ្នាំ នៅវេលាម៉ោង ៥និង ៤០ នាទី ថ្ងៃទី ២០ ខែមេសា ឆ្នាំ ២០២៤។
លោកសាស្ត្រាចារ្យ សំបូរ ម៉ាណ្ណារ៉ា គឺជាសាស្ត្រាចារ្យផ្នែកប្រវត្តិសាស្ត្រដ៏ឆ្នើមរបស់កម្ពុជា និង បានបណ្តុះបណ្តាលធនធានជាច្រើនជំនាន់មកដល់បច្ចុប្បន្ន។កាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៣កន្លងទៅ លោកទទួលបានការប្រោសព្រះរាជទានឋានៈ ជាទីប្រឹក្សានាយករដ្ឋមន្ត្រីកម្ពុជា សម្ដេច ហ៊ុន សែន និង ចុងក្រោយជា ទីប្រឹក្សាផ្ទាល់សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។
សាស្ត្រាចារ្យ សំបូរ ម៉ាណ្ណារ៉ា ធ្លាប់ជាគ្រូបង្រៀននៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញលើឯកទេសប្រវត្តិសាស្ត្រតាំងពីទសវត្សរ៍ឆ្នាំ១៩៨០ ក្រោយមកលោកបានប្តូរទៅបង្រៀននៅសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជាចាប់តាំងពីឆ្នាំ ២០០២ មកដល់សព្វថ្ងៃ។ បើគិតមកទល់ពេលនេះ លោកបានបង្រៀនមុខវិជ្ជាប្រវត្តិសាស្ត្រប្រមាណជាង៤០ឆ្នាំ៕
ក្រុមការងារ ស៊ីស៊ីថាមស៍ សូមចូលរួមរំលែកទុក្ខដោយក្រៀមក្រំបំផុត ចំពោះមរណភាពរបស់លោកសាស្រ្តាចារ្យ សូមបួងសួង សូមវិញាណក្ខន្ធលោក បានអញ្ជើញដល់ទីបរមសុខ៕