ភ្នំពេញ៖ ស្ថានទូតសហរដ្ឋអាម៉េរិកនៅទីក្រុងភ្នំពេញ ជាស្ថាប័នធ្វើប្រតិបត្តិការលទ្ធកម្មធំមួយ ដែលមានការបញ្ជាទិញប្រចាំឆ្នាំក្នុងតម្លៃប្រហែល ៥ លានដុល្លាអាម៉េរិក។ បច្ចុប្បន្ននេះ ស្ថានទូតសហរដ្ឋអាម៉េរិកកំពុងស្វែងរកអាជីវករ/ក្រុមហ៊ុនដែលមានចំណាប់អារម្មណ៍ធ្វើធុរកិច្ចនាពេលអនាគតជាមួយស្ថានទូត លើការផ្គត់ផ្គង់ទំនិញ និង សេវាកម្មផ្សេងៗដល់ខ្លួន។ នេះបើតាមសេចក្ដីប្រកាសរបស់ស្ថានទូតអាម៉េរិកប្រចាំនៅកម្ពុជា។
បើតាមសេចក្ដីប្រកាស ក្នុងគោលបំណងបង្កើនចំនួនអាជីវករ/ក្រុមហ៊ុនដែលស្ថានទូតមាន ស្ថានទូតបានប្រកាសអញ្ជើញអាជីវករ/ក្រុមហ៊ុនដែលមិនធ្លាប់ធ្វើការជាមួយស្ថានទូត មកចូលរួមវេទិកានេះ ដើម្បីស្វែងយល់ពីឱកាសធុរកិច្ចជាមួយស្ថានទូតសហរដ្ឋអាម៉េរិក ទាក់ទងនឹងដំណើរការលទ្ធកម្មលើទំនិញ និងសេវាកម្ម ដែលស្ថានទូតទិញជាប្រចាំ។ ជាមួយគ្នានេះ ក៏នឹងមានកិច្ចសន្ទនាជាមួយអាជីវករ ក៏ដូចជាការធ្វើបទបង្ហាញជាភាសាអង់គ្លេស និងខ្មែរ។
ចំពោះកាលបរិច្ឆេទ និងពេលវេលា គឺនឹងត្រូវធ្វើឡើងនៅថ្ងៃទី ២៥ ខែ មេសា ឆ្នាំ ២០២៤ ម៉ោង ១៥:០០ - ១៧:០០ រសៀល។ ចំពោះទីកន្លែង ស្ថានទូតនឹងជំរាបជូនដល់អ្នកចូលរួម ៣ថ្ងៃមុនពេលកម្មវិធី។
ដូចនេះ អាជីវករដែលមានបំណងចូលរួមវេទិកានេះ អាចធ្វើការទាក់ទងមកការិយាល័យលទ្ធកម្មរបស់ស្ថានទូតសហរដ្ឋអាម៉េរិកតាមរយៈអ៊ីមែល [email protected] អោយបានត្រឹមថ្ងៃទី ១៩ ខែ មេសា ឆ្នាំ ២០២៤៕