ភ្នំពេញ៖ក្រុមហ៊ុន Royal Railway Cambodia ដែលជាក្រុមហ៊ុន របស់អ្នកឧកញ៉ា គិត ម៉េង បានទិញក្បាលម៉ាស៊ីនរថភ្លើងល្បឿនលឿនចំនួន ១១គ្រឿង ពីប្រទេសជប៉ុន ដែលកំពុងតែដឹកជញ្ជូនតាមកប៉ាល់មកកាន់ប្រទេសកម្ពុជា ដែលអាចនឹងមកដល់កម្ពុជានៅថ្ងៃទី ២៧ ខែមេសា ឆ្នាំ ២០២៤នេះ។អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន សម្តែងមោទកភាពចំពោះការបញ្ជាទិញនេះ ទោះវាចាស់តែការប្រើប្រាស់ធ្វើឡើងឲ្យស្របទៅនឹងបរិបថផ្លូវដែកនៅកម្ពុជា។
ក្បាលរថភ្លើងដឹកអ្នកដំណើរល្បឿនលឿន ប្រភេទ DMU (Diesel Multiple Unit) ចំនួន១១ គ្រឿង ត្រូវបានក្រុមហ៊ុន Royal Railway Cambodia ដែលជាក្រុមហ៊ុន របស់អ្នកឧកញ៉ា គិត ម៉េង បញ្ជាទិញពីប្រទេសជប៉ុនជាប្រភេទរថភ្លើងដែលអាចដំណើរការដោយខ្លួនឯង ដោយមិនចាំបាច់ប្រើក្បាលម៉ាស៊ីនរថភ្លើងសម្រាប់អូសទាញទូររថភ្លើង។
ក្បាលរថភ្លើងដឹកអ្នកដំណើរល្បឿនលឿននេះ ដឹកជញ្ជូនពីតំបន់ហុកកៃដូ មកកាន់ប្រទេសកម្ពុជា ដោយបានចាកចេញពីកំពង់ផែ Hakodate នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៤ ហើយអាចនឹងមកដល់កំពង់ផែក្រុងព្រះសីហនុនៅថ្ងៃទី ២៧ ខែមេសា ឆ្នាំ ២០២៤។
លោក ផន រីម មន្ត្រីអ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងថា នេះជាការវិយោគផ្ទាល់របស់ក្រុម Royal Railway Cambodia(RRC) ហើយក្រសួងមានសុទិដ្ឋិនិយមចំពោះគម្រោងធ្វើឲ្យប្រសើរឡើង នៃវិស័យដឹកជញ្ជូនផ្លូវដែករបស់កម្ពុជាទាំងកម្រិតសុវត្ថិភាព ល្បឿន និងប្រសិទ្ធភាព នៃការដឹកជញ្ជូន ដែលមានតម្លៃថោក ដើម្បីប្រកួតប្រជែងលើវិស័យឡូជីស្ទីក។
ទំនងជាការឆ្លើយតបនឹងការរិះគន់ថា កម្ពុជាទិញក្បាលរថភ្លើងដឹកអ្នកដំណើរចាស់ៗពីប្រទេសជប៉ុន មន្ត្រីអ្នកនាំពាក្យក្រសួងសាធារណការ ពន្យល់ថា លក្ខខណ្ឌ នៃការប្រើប្រាស់ នឹងត្រូវធ្វើឡើងឲ្យស្របទៅនឹងបរិបថផ្លូវដែកនៅកម្ពុជា។
គួរបញ្ជាក់ថា បច្ចុប្បន្នកម្ពុជាមានផ្លូវដែកចំនួនពីរខ្សែរ គឺភ្នំពេញ-ប៉ោយប៉ែត និងភ្នំពេញ-ខេត្តព្រះសីហនុ។ បណ្តាញផ្លូវដែកនេះស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុនRoyal Railway ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Royal Group។រដ្ឋាភិបាលគ្រោងនឹងកែលម្អផ្លូវដែកដែលមានស្រាប់ទៅជាផ្លូវរថភ្លើងល្បឿនលឿន៕