ការស្រាវជ្រាវមួយបានរកឃើញវត្តមានសត្វជាង ៧០០ ប្រភេទខុសគ្នា នៅក្នុងតំបន់ព្រៃកោងកាង នៃ ប្រទេស កម្ពុជា ហើយ តាមរយៈការរកឃើញនេះរំពឹងថា នឹងអាចរកឃើញប្រភេទសត្វថ្មីៗបន្ថែមទៀតក្នុងការសិក្សាស្រាវជ្រាវនាពេលអនាគត។ នេះបើតាមការឱ្យដឹងពីអង្គការ Fauna & Flora - Cambodia Programme ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤នេះ ។
ការសិក្សាស្រាវជ្រាវរបស់អង្គការសត្វព្រៃ និងរុក្ខជាតិកម្ពុជា និងសហគ្រាស ហ្វីស៊ីងខេត អេកូឡូជីខល អេនធើប្រាយ ខូ អ៊ិល ធី ឌី សហការជាមួយក្រសួងបរិស្ថាននេះ បានធ្វើឡើងនៅក្នុងដែនជម្រកសត្វព្រៃពាមក្រសោប ២៣,៧៥០ ហិចតា និងតំបន់រ៉ាមសារកោះកាពិ ១២,០០០ ហិចតា។ ការរកឃើញនេះ បានផ្តល់ជាចំណេះដឹងមូលដ្ឋានអំពីជីវចម្រុះក្នុងតំបន់នោះ ហើយក្រុមអ្នកស្រាវជ្រាវរំពឹងថា នឹងអាចរកឃើញប្រភេទសត្វថ្មីៗបន្ថែមទៀតក្នុងការសិក្សាស្រាវជ្រាវនាពេលអនាគត។
គួរបញ្ជាក់ថា ក្នុងការស្រាវជ្រាវនេះ ក៏បានរកឃើញប្រភេទសត្វកម្រច្រើនប្រភេទ ដូចជាសត្វស្វាកន្ទុយវែង ជាប្រភេទជិតផុតពូជ សំពោចធំ សត្វភេរោមច្រមុះ( ភេខ្មៅ) និងខ្លាត្រីជាប្រភេទងាយរងគ្រោះផងដែរ៕