
ភ្នំពេញ៖ ថ្ងៃទី០៩ កញ្ញា ឆ្នាំ២០២០ នេះ គឺជាថ្ងៃរឭកខួប៣០ឆ្នាំនៃការបង្កើតកងវរសេនាតូចលេខ២៤៦ និងខួបគម្រប់១១ឆ្នាំ នៃការបង្កើតបញ្ជាការដ្ឋានអង្គរក្ស។ក្នុងឱកាសនេះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្ញើសារលិខិតជូនពរនាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៉ីង ប៊ុនហៀង និងនាយឧត្តមសេនីយ៍ ហ៊ុយ ពិសិដ្ឋ ក្នុងឱកាសពិធីរំឭកខួបនេះ។
ក្នុងសារលិខិតសម្ដេចបានបញ្ជាក់ថា កងវរសេនាតូចលេខ២៤៦ ចំណុះគណៈបញ្ជាការយោធាក្រុងភ្នំពេញ គឺសម្ដេចបានចុះទៅប្រកាសបង្កើតដោយផ្ទាល់ នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ១៩៩០ ក្នុងនាមជាប្រធានក្រុមប្រឹក្សារដ្ឋមន្ត្រីនៃរដ្ឋកម្ពុជា គិតមកដល់ពេលមានរយៈពេលជាង៣០ឆ្នាំមកហើយ។
ទន្ទឹមនឹងនេះ វរសេនាតូចនេះ បានវិវត្តន៍ស្របតាមសភាពការណ៍ជាលំដាប់លំដោយ បានសេចក្ដីថា អភិវឌ្ឍជានិច្ចកាលរហូតបង្កើតបានជាបញ្ជាការដ្ឋានអង្គរក្ស ចំណុះអគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ ដែលប្រារព្ធពិធីរំឭកខួប ក្រោមអធិបតីភាពឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក។
សូមជម្រាបជូនថា បញ្ជាការដ្ឋានអង្គរក្ស បានបង្កើតឡើងតាមអនុក្រឹត្យ ចុះថ្ងៃទី០៤ កញ្ញា ឆ្នាំ២០០៩ ក្នុងគោលបំណង ការពារសន្តិសុខ សុវត្ថិភាពនាយករដ្ឋមន្រ្តី និងលោកជំទាវ ព្រមទាំងគ្រួសារ ការពារសន្តិសុខ ដល់ស្ថាប័ន និងឥស្សរជនជាន់ខ្ពស់ តាមការបញ្ជារបស់នាយករដ្ឋមន្រ្តី,ចូលរួមធ្វើការងារសង្គមកិច្ច សាសនា និងការអភិវឌ្ឍន៍, ការពារទប់ស្កាត់ និងបង្រ្កាបនូវអំពើរវិច្ឆេទកម្មវិទ្ធង្សនា កុប្បកម្ម បាតុកម្ម ដែលប៉ះពាល់ដល់ស្ថេរភាពនយោបាយ សន្តិសុខ សណ្ដាប់ធ្នាប់សង្គម ជាដើម៕



