កំពង់ស្ពឺ៖ មជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជានៃឧទ្យានជាតិព្រះកុសុមៈគីរីរម្យ បានរៀបចំកន្លែងធ្វើ«សមាធិ និងវិបស្សនា»ដ៏ទំនើប ដែលជាទីកន្លែងធម្មជាតិដ៏ស្រស់ស្អាតពោរពេញដោយបរិយាកាសជុំវិញពណ៌បៃតង និងមានមុងការពារការរំខានពីសត្វល្អិត តាមរយៈភាពស្ងប់ ងាយស្រួលដល់ការស្វាធ្យាយ និងសម្អាតចិត្តឱ្យស្អាតផូរផង់ល្អ។
បើតាមអគ្គមហាឧបាសិកាធម្មបណ្ឌិត ញឹក ប៊ុនថា ស្ថាបនិកមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា បានឲ្យដឹងថា ក្នុងការកសាងកន្លែងវិបស្សនានៅលើកំពូលភ្នំ និងការឆ្លាក់សិលាចារឹកនៃពុទ្ធឳវាទនៅតាមផ្ទាំងថ្ម គឺជាគំនិតច្នៃប្រឌិតល្អឯក ប្លែកពីស្នាដៃដទៃ ដែលធ្វើឱ្យមានការចាប់អារម្មណ៍ជាខ្លាំង ពីសំណាក់អ្នកកាន់ព្រះពុទ្ធសាសនាជាតិ និងអន្តរជាតិ។
អគ្គមហាឧបាសិកាធម្មបណ្ឌិត បានឲ្យដឹងទៀតថា ស្នាដៃល្អឯករបស់ស្ថាបត្យកម្មខ្មែរ ដោយបានគិតគូរយ៉ាងល្អិតល្អន់ក្នុងការរៀបចំកន្លែងសមាធិ បរិស្ថានជុំវិញ និងមានមុងការពារការរំខានពីសត្វល្អិត តាមរយៈភាពស្ងប់ ងាយស្រួលដល់ការស្វាធ្យាយ និងសម្អាតចិត្តឱ្យស្អាតផូរផង់ល្អ ខណៈប្រតិបត្តិធម៌អភិធម្ម ដែលមានការសិក្សា ឈ្វេងយល់អំពីបរមត្ថធម៌ ក្នុងនោះគឺមានចិត្ត ចេតសិក រូប និងព្រះនិព្វាន ដើម្បីបណ្តុះនូវបញ្ញាស្មារតីរបស់អ្នកកាន់ព្រះពុទ្ធសាសនាឱ្យដើរតាមមាគ៌ាព្រះពុទ្ធ ដែលផ្តោតលើសច្ចៈធម៌ជាសំខាន់។
គួរបញ្ជាក់ថាមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា បានក្លាយជាកន្លែងទេសចរណ៍ដ៏ទាក់ទាញបែបសាសនានៅអាស៊ីអាគ្នេយ៍ តាមរយៈភាពប្រណិតនៃស្នាដៃស្ថាបត្យកម្មរបស់កូនខ្មែរ ក៏ព្រោះថា ទីកន្លែងនេះ បានផ្សារភ្ជាប់ជាមួយធម្មជាតិ និងព្រះពុទ្ធសាសនារួមជាមួយបរិស្ថានបៃតងស្អាត ដែលបានមកពីដើមឈើតូចធំដែលមានស្រាប់នៅលើភ្នំ និងការដាំឈើបន្ថែម ក្រោមការរួមចំណែកពីក្រសួងបរិស្ថានដែលបានជួយជ្រោមជ្រែង និងសាងសង់ទីនេះឱ្យស្អាត មានភាពទាក់ទាញហើយនេះក៏ជាសមិទ្ធផលថ្មីមួយទៀតដែរ៕