Smart saver cctime web bannertif

ព្រះរាជអាជ្ញាប្តឹងទៅឧទ្ធរណ៍ឱ្យពិនិត្យឡើងវិញករណី«ដោះលែង»ចិនតៃវ៉ាន់៥នាក់ពាក់ព័ន្ធគ្រឿនញៀនជិត៨០០គីឡូ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ អគ្គព្រះរាជអាជ្ញាសាលាឧទ្ធរណ៍ នៅថ្ងៃទី ៩ មេសា បានសម្រេចប្ដឹងទៅសាលាឧទ្ធរណ៍ ដើម្បីឲ្យពិនិត្យឡើងវិញ ចំពោះការសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធករណីគ្រឿងញៀនជិត ៨០០គីឡូក្រាម។ការប្តឹងនេះ ធ្វើឡើងក្រោយពីមានការដោះលែងជនជាតិចិនតៃវ៉ាន់ចំនួន៥នាក់។

យោងតាមដីកាបញ្ជូន សាលាឧទ្ធរណ៍ភ្នំពេញ បានបញ្ជាក់បែបនេះថា «សេចក្ដីប្ដឹងឧទ្ធរណ៍លេខ១៨ ចុះថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៤ របស់ ឯកឧត្តម អគ្គព្រះរាជអាជ្ញា អមសាលាឧទ្ធរណ៍ភ្នំពេញ បានប្ដឹងឧទ្ធរណ៍នឹងសាលក្រមព្រហ្មទណ្ឌលេខ ៣២០(ង) ក្រ៨ ចុះថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤ របស់សាលាដំបូងរាជធានីភ្នំពេញ»។

កាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤ សាលាដំបូរាជធានីភ្នំពេញ បានចេញសេចក្តីប្រកាសព័ត៌មាន អំពីការសម្រេចផ្ដន្ទាទោសជនជាតិចិនតៃវ៉ាន់ ចំនួន២នាក់ ដោយដាក់ពន្ធនាគារម្នាក់២០ឆ្នាំ ករណីជួញដូរគ្រឿងញៀនជិត៨០០គីឡូក្រាម ខណៈជនជាតិចិនតៃវ៉ាន់៥នាក់ទៀត ត្រូវបានដោះលែងឲ្យមានសេរីភាពវិញ ក្រោមហេតុផលថាមិនពាក់ព័ន្ធជាមួយបទល្មើស។

ជនជាប់ចោទ ដែលត្រូវបានផ្តន្ទាទោសចំនួន០២នាក់ជាជនជាតិចិន ត្រូវបានសាលាដំបូរាជធានីភ្នំពេញ មានភស្តុតាងគ្រប់គ្រាន់ថា បានប្រព្រឹត្តអំពើរក្សាទុកដឹកជញ្ជូន និងជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន និង សម្អាតប្រាក់ និង បានផ្តន្ទាទោសដាក់ពន្ធនាគារម្នាក់ៗកំណត់ ២០ឆ្នាំ និងពិន័យជាប្រាក់ចំនួន ៤០,០០០,០០០រៀល។

បើតាមនីតិវិធីនៃច្បាប់ អគ្គព្រះរាជសាលាឧទ្ធរណ៍ មានរយៈពេល៣ខែ ដើម្បីប្ដឹងជំទាស់រាល់ការសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញ ប្រសិនបើយល់ឃើញថា ការសម្រេចនេះមានចំណុចដែលគួរឲ្យសង្ស័យ ឬមិនមានភាពមិនប្រក្រតីណាមួយកើតឡើង៕


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង