Cctimesw1140xh150cm copy

កម្មវិធីប្រកួតថតរូបទេសចរណ៍ថ្នាក់ជាតិដែលរៀបចំដោយក្រុមហ៊ុន ហួវៃ ឈានដល់វគ្គផ្តាច់ព្រ័ត្រ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ ក្រុមហ៊ុន ហួវៃ បានសហការជាមួយក្រសួងទេសចរណ៍ ដើម្បីរៀបចំកម្មវិធីប្រកួតថតរូបទេសចរណ៍ថ្នាក់ជាតិលើកទី១ Powered by Huawei XMAGE តាំងពីខែឧសភាឆ្នាំ២០២៣ រហូតមកដល់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ ជាថ្ងៃដែលកម្មវិធីប្រកួតនេះឈានដល់វគ្គផ្តាច់ព្រ័ត្រ ដោយត្រូវបានធ្វើឡើងក្រោមប្រធានបទ ទស្សនាសៀមរាប។ កម្មវិធីនេះធ្វើឡើងក្នុងគោលបំណងជំរុញការផ្សព្វផ្សាយតំបន់ទេសចរណ៍កម្ពុជា តាមរយៈឌីជីថលដោយប្រើប្រាស់នូវបច្ចេកវិទ្យាថ្មីៗឱ្យមានប្រសិទ្ធិភាពក្នុងការទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិមកទស្សនាអោយកាន់តែច្រើនថែមទៀត។

ការប្រកួតថតរូបទេសចរណ៍ថ្នាក់ជាតិវគ្គផ្តាច់ព្រ័ត្រនេះ មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម មាន ឥស្សរាយស ទីប្រឹក្សានិងសមាជិកខុន្ទកាល័យក្រសួងទេសចរណ៍ ឯកឧត្តម ឡាង សុលីណា អគ្គនាយករងក្រសួងទេសចរណ៍ និងលោកស្រី Nancy Zhang នាយិកាផ្នែកទំនាក់ទំនងសាធារណៈក្រុមហ៊ុន ហួវៃ ប្រចាំកម្ពុជា ក៏ដូចជាបេក្ខជនទាំងអស់ដែលចូលរួមក្នុងការប្រកួតនេះផងដែរ។

ឯកឧត្តម មាន ឥស្សរាយស ទីប្រឹក្សានិងសមាជិកខុន្ទកាល័យក្រសួងទេសចរណ៍ បានបញ្ជាក់ថា កម្មវិធីនេះមានបេក្ខជនសរុបជិត៤០០នាក់ដែលបានចូលរួមដាក់ពាក្យប្រកួតប្រជែងតាំងពីវគ្គចាប់ផ្តើម ហើយក៏មានការទទួលស្គាល់ពីស្នាដៃនៃរូបភាពប្រណិតៗទាំងអស់ពីសំណាក់ថ្នាក់ដឹកនាំ ជាពិសេសសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីនៃក្រសួងទេសចរណ៍ តាមរយៈការដាក់តាំងមកបង្ហាញនៅឯបុណ្យទន្លេខេត្តសៀមរាបកន្លងទៅដែរ ហើយមកទល់ពេលនេះ បេក្ខជនចំនួន៣០នាក់ ត្រូវបានជ្រើសរើសដើម្បីបើកកម្មវិធីប្រកួតប្រជែងវគ្គផ្តាច់ព្រ័ត្រ័ ផ្សារភ្ជាប់ជាមួយពាក្យស្លោកទេសចរណ៍របស់ក្រសួងនាឆ្នាំនេះ «ឆ្នាំទស្សនាសៀមរាប ២០២៤»។

សម្រាប់លក្ខខណ្ឌនៃការប្រកួតវគ្គផ្ដាច់ព្រ័ត្រនេះ គឺតម្រូវឱ្យបេក្ខជនទាំងអស់ត្រូវថតរូបចំនួន ៣ប្រភេទ៖ ម្ហូប(Food) វប្បធម៌(Culture) និងមធ្យោបាយធ្វើដំណើរ(Transportation) ដែលមានទីតាំងស្ថិតនៅក្នុងរាជធានីភ្នំពេញ ដើម្បីជំរុញអ្នកទស្សនាឱ្យទៅកម្សាន្តនៅខេត្តសៀមរាប។ បេក្ខជនទាំងអស់បានគោរពតាមលក្ខខណ្ឌ និងបានប្រគល់ស្នាដៃរបស់ខ្លួននៅមុនម៉ោង៥ល្ងាច នាថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤។ ចំពោះការដាក់ពិន្ទុនឹងត្រូវធ្វើឡើងដោយគណកម្មការជំនាញមកពីក្រសួងទេសចរណ៍ ហើយអ្នកឈ្នះចំនួន៣រូបនឹងត្រូវប្រកាសនៅថ្ងៃបញ្ចប់ពិធីនាពេលឆាប់ៗខាងមុខនេះ។

ជាចុងបញ្ចប់ លោកស្រី Nancy Zhang នាយិកាផ្នែកទំនាក់ទំនងសាធារណៈក្រុមហ៊ុន ហួវៃ ប្រចាំកម្ពុជា បានលើកឡើងថា ក្នុងនាមលោកស្រីតំណាងឱ្យក្រុមហ៊ុន ហួវៃ លោកស្រីពិតជាមានអារម្មណ៍រំភើប និងរីករាយជាខ្លាំង ដែលក្រុមការងារ និងដៃគូសហការទាំងអស់ បានចាប់ដៃគ្នាធ្វើឱ្យកម្មវិធីនេះប្រព្រឹត្តិទៅយ៉ាងរលូនតាំងពីថ្ងៃចាប់ផ្តើមរហូតដល់វគ្គផ្តាច់ព្រ័ត្រ។ លោកស្រីសង្ឃឹមយ៉ាងមុតមាំថា កម្មវិធីនេះ នឹងជួយជំរុញការផ្សព្វផ្សាយពីតំបន់ទេសចរណ៍កម្ពុជាឱ្យកាន់តែមានភាពទូលំទូលាយដោយការប្រើបច្ចេកវិទ្យាថ្មីៗ ដើម្បីធ្វើឱ្យភ្ញៀវទេសចរកាន់តែមានភាពងាយស្រួលក្នុងការទទួលបាននូវព័ត៌មានថ្មីៗពីតំបន់ទេសចរណ៍កម្ពុជា ជាពិសេសទាក់ទាញភ្ញៀវទេសចរឱ្យមកទស្សនាប្រទេសកម្ពុជាឱ្យបានកាន់តែច្រើន៕ 


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង