Cctimesw1140xh150cm copy

ក្រសួងសុខាភិបាលទទួលបានរថយន្ត១៩គ្រឿងពីគម្រោងទប់ស្កាត់ និងបង្ការជំងឺឆ្លងក្នុងមហាអនុតំបន់មេគង្គ-ហិរញ្ញប្បទាន

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ លោក ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់-ទទួលរថយន្ត ចំនួន ១៩គ្រឿង ដែលផ្តល់ដោយគម្រោងទប់ស្កាត់ និងបង្ការជំងឺឆ្លងក្នុងមហាអនុតំបន់មេគង្គ-ហិរញ្ញប្បទានបន្ថែម ជូនដល់អង្គភាពថ្នាក់កណ្តាល និងមន្ទីរសុខាភិបាលរាជធានី-ខេត្ត រួមមាន នាយកដ្ឋានប្រយុទ្ធជំងឺឆ្លង នាយកដ្ឋានមន្ទីរពេទ្យ វិទ្យាស្ថានជាតិសុខភាពសាធារណៈ មជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន មជ្ឈមណ្ឌលជាតិប្រយុទ្ធជំងឺអេដស៍ សើស្បែក និងកាមរោគ និងមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញ ខេត្តកំពង់ចាម កំពង់ឆ្នាំង កំពង់ស្ពឺ កំពង់ធំ កោះកុង ព្រះសីហនុ ពោធិ៍សាត់ សៀមរាប តាកែវ ឧត្តរមានជ័យ និងកែប។

នាឱកាសនេះ លោក ឈាង រ៉ា ក៏បានផ្តល់នូវអនុសាសន៍សំខាន់ៗ ដែលមានបច្ច័យលើការបន្តពង្រឹងភាពធន់នៃប្រព័ន្ធសន្តិសុខសុខភាព ឱ្យកាន់តែរឹងមាំថែមទៀតដូចជា ការពង្រឹងប្រព័ន្ធផ្តល់សេវាថែទាំសុខភាពបថមមានគុណភាព ការរក្សាភាពបុរេសកម្ម សកម្មនិងអន្តរសកម្មនៃប្រព័ន្ធអង្កេតតាមដានជំងឺឆ្លង ការពុលចំណីអាហារ ឬជំងឺឆ្លងតាមចំណីអាហារឬទឹកមិនស្អាត ជំងឺឆ្លងពីសត្វមកមនុស្ស ជាដើម និងធ្វើការឆ្លើយតបទាន់ពេល និងមានប្រសិទ្ធភាព ដោយមានការចូលរួមពីរដ្ឋបាលមូលដ្ឋាន ប្រជាជន និងសហគមន៍ ក៏ដូចជាការលើកកម្ពស់ការគ្រប់គ្រងការប្រើប្រាស់ និងការជួសជុលថែទាំសម្ភារៈ ឧបករណ៍ពេទ្យជាដើម។

គួរបញ្ជាក់ផងដែរថាគម្រោងទប់ស្កាត់ និងបង្ការជំងឺឆ្លងក្នុងមហាអនុតំបន់មេគង្គ-ហិរញ្ញប្បទានបន្ថែម ដែលរាជរដ្ឋាភិបាលកម្ពុជាទទួលហិរញ្ញប្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី សម្រាប់ពង្រឹងភាពធន់នៃប្រព័ន្ធសន្តិសុខសុខភាពក្នុងការត្រៀមលក្ខណៈ និងការឆ្លើយតបទាន់ពេលចំពោះគ្រប់ទម្រង់នៃវិបត្តិសុខភាពសាធារណៈ តាមរយៈការពង្រឹងសមត្ថភាពក្រុមការងារឆ្លើយតបបន្ទាន់នៅគ្រប់លំដាប់ថ្នាក់ ការជួសជុលកែលម្អ និងការបំពាក់ឧបករណ៍ សម្ភារៈ សម្រាប់ពង្រឹងគុណភាពសេវាមន្ទីរពិសោធន៍ ឧបករណ៍សម្រាប់សេវាសង្គ្រោះបន្ទាន់ និងឧបករណ៍បង្ការការចម្លងរោគនៅមន្ទីរពេទ្យជាដើម៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង