ព្រះសីហនុ៖ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ខាងមុខនេះ រដ្ឋបាលខេត្តព្រះសីហនុ អំពាវនាវឱ្យពលរដ្ឋលេងល្បែងប្រជាប្រិយខ្មែរ និងត្រូវជៀសវាងការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ឬល្បែងណា ដែលបង្កគ្រោះថ្នាក់ ឬធ្វើឱ្យប៉ះពាល់ជាអវិជ្ជមានដល់ប្រពៃណី ទំនៀមទម្លាប់ដ៏ល្អរបស់ខ្មែរ។
ជារៀងរាល់ឆ្នាំ ប្រជាជនខ្មែរទូទាំងប្រទេសបានសម្រាកការងារ ជួបជុំក្រុមគ្រួសារ សាច់ញាតិ មិត្តភក្ដិ ដើម្បីទទួលអំណរឆ្នាំថ្មី ដោយមានការរៀបចំសង្ក្រាន្ត និងការរៀបចំពិធីទទួលទេវតាឆ្នាំថ្មី ការលេងល្បែងប្រជាប្រិយ រាំរបាំប្រជាប្រិយ ឬទៅវត្តអារាមដើម្បីធ្វើបុណ្យដាក់ទានតាមប្រពៃណីព្រះពុទ្ធសាសនា ប្រកបដោយក្តីសប្បាយរីករាយ។
ជាមួយគ្នានោះ រដ្ឋបាលខេត្តព្រះសីហនុអំពាវនាវឱ្យពលរដ្ឋ ត្រូវលេងល្បែងប្រជាប្រិយ រាំរបាំប្រជាប្រិយជាដើម ត្រូវរក្សានូវប្រពៃណី ទំនៀមទម្លាប់ដ៏ល្អ ផូរផង់របស់ជាតិ និងត្រូវជៀសវាងការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ឬល្បែងណា ដែលបង្កគ្រោះថ្នាក់ ឬធ្វើឱ្យប៉ះពាល់ជាអវិជ្ជមានដល់ប្រពៃណី ទំនៀមទម្លាប់ដ៏ល្អរបស់ខ្មែរយើង។
បន្ថែមពីនេះ រដ្ឋបាលខេត្តក៏អំពាវនាវដល់អាជីវករ និងអ្នកលក់ដូរទំនិញ ឬម្ហូបអាហារគ្រប់ប្រភេទ ម្ចាស់ផ្ទះ សំណាក់ ម្ចាស់សណ្ឋាគារ ត្រូវរក្សាតម្លៃលក់ធម្មតា កុំតម្លើងតម្លៃទំនិញ ម្ហូបអាហារ កុំតម្លើងតម្ល ផ្ទះសំណាក់ សណ្ឋាគារ ឬតម្លៃសេវាកម្មផ្សេងៗទៀត ដែលនាំឱ្យប៉ះពាល់ដល់ភ្ញៀវទេសចរជាតិ- អន្តរជាតិដែលបានមកទស្សនាកំសាន្តក្នុងខេត្តព្រះសីហនុ។
សូមបញ្ជាក់ថា ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ នឹងប្រព្រឹត្តទៅរយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី១៣-១៦ខែមេសា ឆ្នាំ២០២៤ ខាងមុខនេះ។ ជាមួយគ្នានោះ រដ្ឋបាលខេត្តព្រះសីហនុ ក៏បានត្រៀមកម្លាំងមានសមត្ថកិច្ចរួចជាស្រេច ក្នុងការថែរក្សា សុខសុវត្ថិភាព សណ្តាប់ធ្នាប់ របៀបរៀបរយនៅក្នុងមូលដ្ឋាននីមួយៗឱ្យបានល្អប្រសើរ ស្របតាមគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព៕