ភ្នំពេញ៖ ប្រធានក្រុមហ៊ុន Sunwah Group និងតំណាងក្រុមហ៊ុនវិនិយោគប្រមាណជាង៧០ក្រុមហ៊ុន ដែលមានអាជីវកម្មក្នុងវិស័យជាច្រើន បានធ្វើទស្សនកិច្ចនៅកម្ពុជា ដើម្បីពិភាក្សាការងារជាមួយសម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៤។ នាឱកាសនេះ ប្រធានក្រុមហ៊ុន ក៏បានបង្ហាញបំណងក្នុងការវិនិយោគបន្ថែមទៀតលើវិស័យមួយចំនួននៅកម្ពុជា រួមមាន វិនិយោគលើការកសាងអគារពាណិជ្ជកម្ម និងលំនៅឋានខុនដូ, វិស័យទេសចរណ៍, ថាមពលអគ្គិសនី, និងារវិនិយោគលើការកសាងស្ថានីយបណ្តាញទូរគមនាគមន៍ 5G ជាដើម។
លោក Jonathan K.S. Choi ប្រធានក្រុមហ៊ុន Sunwah Group បានលើកឡើងថា ក្នុងដំណើរទស្សនកិច្ចរបស់រូបលោក និងសហការីនាឱកាសនេះ មានតំណាងក្រុមហ៊ុនវិនិយោគប្រមាណជាង៧០ក្រុមហ៊ុន ដែលមានអាជីវកម្មក្នុងវិស័យជាច្រើនដូចជា៖ បច្ចេកវិទ្យាហិរញ្ញវត្ថុ ឌីជីថល អចលនទ្រព្យ ថាមពល និងទេសចរណ៍ ជាដើម។ ជាងនេះទៅទៀត លោកប្រធានក្រុមហ៊ុន ក៏បានបង្ហាញបំណងក្នុងការវិនិយោគបន្ថែមទៀតលើវិស័យមួយចំនួន រួមមាន៖ (១) វិនិយោគអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេសបៃតង (Green SEZ) (២) វិនិយោគលើការកសាងអគារពាណិជ្ជកម្ម និងលំនៅឋានខុនដូ (៣) វិនិយោគលើវិស័យទេសចរណ៍ (៤) វិនិយោគលើការដំឡើងស្ថានីយសាកថាមពលយានយន្តអគ្គិសនី (EV Charging Station) និង (៥) វិនិយោគលើការកសាងស្ថានីយបណ្តាញទូរគមនាគមន៍ 5G។
ពាក់ព័ន្ធនឹងការបង្ហាញបំណងវិនិយោគលើវិស័យមួយចំនួន ដែលក្រុមហ៊ុនបានរៀបរាប់ខាងលើ សម្តេច ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក៏ដូចជានីតិកាលមុនៗដែរ គឺបន្តចក្ខុវិស័យច្បាស់លាស់ក្នុងការជំរុញកំណើនសេដ្ឋកិច្ច ដើម្បីលើកកម្ពស់នូវជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជា ហើយតាមរយៈការប្តេជ្ញាចិត្តនេះ សេដ្ឋកិច្ចកម្ពុជាមានការរីកចម្រើន និងរក្សាបាននូភាពធន់ ហើយសម្រេចបានកំណើនសេដ្ឋកិច្ចក្នុងអត្រា ៥,៦% នៅឆ្នាំ ២០២៣ និងត្រូវបានព្យាករណ៍ថានឹងកើនឡើង ក្នុងអត្រា ៦,៦% នៅឆ្នាំ២០២៤៕