កូរ៉េ៖ ក្រសួងការងារ និងបណ្តុបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី៧ ខែមេសា បានសហការជាមួយស្ថានឯកអគ្គរាជទូតនៃកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ ក្រុមការងារ ESEA និងសមាគមខ្មែរនៅកូរ៉េ បានរៀបចំ«សង្ក្រាន្តខ្មែរនៅកូរ៉េ» ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។ កម្មវិធីនេះ បានរៀបចំឡើងចំនួន ៣ទីតាំង នឹងមានសហគមន៍ខ្មែរចូលរួមប្រមាណ ៣ ០៥០នាក់ ក្នុងនោះមានតំបន់ក្វាងជូ តំបន់អ៊ុលសាន និងតំបន់ថេហ្គូ។
សម្រាប់សង្ក្រាន្តនេះ កម្មវិធីផ្តើមដោយពិធីសាសនា ទៅតាមប្រពៃណីទំនៀមទម្លាប់ព្រះពុទ្ធសាសនារបស់ខ្មែរ ដែលមានលេងល្បែងប្រជាប្រិយដូចជា បោះអង្គញ់ ចោលឈូង ទាញព្រ័ត្រ លាក់កន្សែង និងរាំលេងកម្សាន្ដ សប្បាយរីករាយ និងសាមគ្គីភាព។ បន្ថែមពីនេះកម្មវិធីក៏មានការដាក់បង្ហាញស្តង់ម្ហូបអាហារខ្មែរ ផលិតផលខ្មែរជាច្រើន ដូចជានំអន្សម នំគម ម្រេចខ្មែរ សម្លៀកបំពាក់ប្រពៃណីខ្មែរ ដើម្បីឱ្យអ្នកចូលរួមទស្សនា កម្សាន្ត និងស្វែងយល់ពីវប្បធម៌ និងអរិយធម៌ខ្មែរ។
គួរបញ្ជាក់ថា ក្រសួងការងារ និងបណ្តុបណ្តាលវិជ្ជាជីវៈ រួមជាមួយសហគមន៍ខ្មែរ នឹងបន្តរៀបចំកម្មវិធីសង្ក្រាន្តខ្មែរនៅកូរ៉េ នៅតំបន់ផ្សេងទៀត ដោយរួមមានតំបន់គីមផូ តំបន់ប៊ូឆន់ និងកោះជេជូ។ កម្មវិធីនេះនឹងបន្តសហការរៀបចំតាមតំបន់នានានៅសប្តាហ៍បន្តបន្ទាប់រហូតដល់ចុងសប្តាហ៍ទី៤ នៃខែមេសានេះ៕