ភ្នំពេញ៖ សាលាឌីជីថល ត្រូវបានក្រសួងអប់រំ យុវជន និងកីឡា ដាក់សាកល្បងឱ្យប្រើប្រាស់តាំងពីចុងឆ្នាំ២០២៣ កន្លងមក ហើយមកដល់ថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤ មានអ្នកចូលប្រើប្រាស់ចំនួន ៩១,១២៤នាក់ មានសៀវភៅចំនួន ២៤៥៧ក្បាល និងមាន ១៤៥មេរៀន។
សាលាឌីជីថល ជាសាលាឌីជីថលនិម្មិតសម្រាប់សិស្សានុសិស្ស គ្រូបង្រៀន អ្នកជំនាញ សាធារណជនទូទៅធ្វើការចែករំលែកចំណេះដឹងទៅកាន់អ្នកសិក្សាដទៃទៀត ដែលត្រូវបានដាក់ឱ្យប្រើប្រាស់ដោយក្រសួងអប់រំ យុវជន និងកីឡា។ គិតត្រឹមថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤ មានអ្នកចូលប្រើប្រាស់ចំនួន ៩១,១២៤នាក់ មានសាលាចំនួន ១៥៥ សៀវភៅចំនួន ២៤៥៧ក្បាល និងមាន ១៤៥មេរៀន។
នៅក្នុងសាលាឌីជីថល មានសៀវភៅជាច្រើនដូចជា អក្សរសិល្ប៍ បច្ចេកវិទ្យា វិទ្យាសាស្ដ្រពិត វិទ្យាសាស្ដ្រសង្គម សាសនា ភាសា សិល្បៈ និការកំសាន្ដបែបអប់រំ ស្នាដៃទូទៅ និងសៀវភៅជាច្រើនប្រភេទទៀត។
សូមបញ្ជាក់ថា ថ្នាលអប់រំ សាលាឌីជីថល ត្រូវបានបង្កើតឡើងក្នុងគោលបំណងលើកកម្ពស់ ជំរុញការចែករំលែក និង ប្រើប្រាស់មាតិកាអប់រំឌីជីថល ឱ្យកាន់តែសម្បូរបែបសម្រាប់បម្រើដល់ការបង្រៀន-រៀន តាមរយៈការប្រើប្រាស់ បច្ចេកវិទ្យា ដែលផ្តល់ភាពងាយស្រួលដល់គ្រឹះស្ថានសិក្សា គ្រូបង្រៀន និងសាធារណជនទូទៅក្នុងការបង្កើត សាលារៀននិម្មិត និងបង្កើតវគ្គសិក្សានានា នៅលើថ្នាលសាលាឌីជីថល សម្រាប់សិស្សានុសិស្សចូលធ្វើស្វ័យសិក្សា ដោយសេរីមិនគិតថ្លៃ គ្រប់ពេលវេលា និងទីកន្លែង៕