Cctimesw1140xh150cm copy

កិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា៖នាយករដ្ឋមន្ត្រីកម្ពុជាប្រាប់ពីការត្រៀមខ្លួនស្វាគមន៍អ្នកវិនិយោគ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី ២ មេសានេះ បានអញ្ជើញបើកកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា ឆ្នាំ២០២៤។ជាកិច្ចប្រជុំប្រមូលផ្តុំដោយអ្នកវិនិយោគអន្តរជាតិជាច្រើន។ក្នុងកិច្ចប្រជុំកំពូលនោះ ប្រមុខរាជរដ្ឋាភិបាល បានប្រកាលពីផែនការជាច្រើនរបស់រាជរដ្ឋាភិបាលកម្ពុជា ត្រៀមស្វាគមន៍អ្នកវិនិយោគដែលចង់ចូលវិនិយោគនៅក្នុងប្រទេសកម្ពុជា។

ក្នុងកិច្ចប្រជុំកំពូលនោះ សម្តេច ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា សេដ្ឋកិច្ចកម្ពុជាបង្ហាញពីភាពធន់គួរឱ្យកត់សម្គាល់ ដោយមុនការឆ្លងរាលដាលនៃជំងឺកូវីដ-១៩, កម្ពុជារក្សាបាននូវអត្រាកំណើនសេដ្ឋកិច្ច ជាមធ្យមលើសពី ៧% ក្នុងមួយឆ្នាំ សម្រាប់ រយៈពេល២ទសវត្សរ៍។ ទោះបីមានការបន្ទច់បង្អាក់នាពេលថ្មីៗនេះក៏ដោយ, សេដ្ឋកិច្ច កម្ពុជា ក៏បានស្ទុះងើបឡើងវិញ ជាមួយនឹងអត្រាកំណើន ៥,៦% ក្នុងឆ្នាំ ២០២៣ និងត្រូវបានព្យាករថានឹងមានកំណើន ៦,៦% ក្នុងឆ្នាំ ២០២៤ ហើយនឹងអាចត្រលប់ទៅរកអត កំណើនមុនជំងឺរាតត្បាត ក្នុងរង្វង់ ៧% ក្នុងឆ្នាំ ២០២៨។

បើតាមសម្តេច ហ៊ុន ម៉ាណែត រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងជំរុញការអនុវត្ត «យុទ្ធសាស្ត្រប្រទេស បូក» (Plus-One Strategy) តាមរយៈការទាក់ទាញការវិនិយោគ ជាពិសេសក្នុងឧស្សា- ហកម្មដែលប្រើបច្ចេកវិទ្យាមធ្យម ឱ្យមកសាងសង់រោងចក្រនៅកម្ពុជា ដើម្បីផ្គត់ផ្គង់គ្រឿងបន្លាស់ ឬផលិតផលពាក់កណ្តាលសម្រេច ទៅឱ្យរោងចក្រធំៗ នៅក្នុងប្រទេសជិតខាងក្នុងតំបន់អាស៊ាន។

សម្តេចបន្តថា កម្ពុជាបានអនុម័ត ច្បាប់ថ្មីស្តីពីការវិនិយោគ ដើម្បីផ្ដល់ជូនវិនិយោគិននូវសក្តានុពល និងឧត្តមភាពជាយុទ្ធសាស្ត្រ ដ៏គួរឱ្យទាក់ទាញ ជាមួយនឹងការលើកទឹកចិត្តជាច្រើន ដល់ គម្រោងវិនិយោគក្នុងវិស័យអាទិភាពសំខាន់ៗ។ រាជរដ្ឋាភិបាល បាននិងកំពុងអនុវត្តការកែទម្រង់គ្រប់ជ្រុងជ្រោយ ប្រកបដោយមហិច្ឆតា ដើម្បីសម្រួលនីតិវិធី និងបង្កើនភាពទាក់ទាញនៃការវិនិយោគជំរុញបរិយាកាសនៃកិច្ចសន្ទនាបើកចំហតាមរយៈការរៀបចំ វេទិការាជរដ្ឋាភិបាល ផ្នែកឯកជន ដោះស្រាយបញ្ហាប្រឈម និងធានានូវភាពជោគជ័យនៃការធ្វើធុរកិច្ច និង ការវិនិយោគនៅកម្ពុជា។

គួរបញ្ជាក់ថា រាជរដ្ឋាភិបាល ទើបបានដាក់ចេញនូវ «កម្មវិធីពិសេសជំរុញការវិនិយោគ ក្នុងខេត្តព្រះសីហនុ ឆ្នាំ ២០២៤» ដើម្បីផ្តល់ “អត្ថប្រយោជន៍ពិសេស” ដល់ការវិនិយោគក្នុងឆ្នាំ ២០២៤ នៅក្នុងខេត្តព្រះសីហនុ ។ កម្មវិធីពិសេសនេះគឺជាជំហានដ៏សំខាន់មួយ ក្នុងការប្រែក្លាយខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចពិសេសពហុបំណង ដើម្បីបម្រើជា មជ្ឈមណ្ឌលតំបន់ សម្រាប់ផលិតកម្ម, ពាណិជ្ជកម្ម, ធុរកិច្ច, ហិរញ្ញវត្ថុ ។ល។ រាជរដ្ឋាភិបាល ក៏បាននិងកំពុងរៀបចំការរចនាឡើងវិញនូវតំបន់សេដ្ឋកិច្ចពិសេស ដោយគិតគូរពីលក្ខណៈចម្រុះនៃឧស្សាហកម្ម, វិនិយោគិន និងអ្នកអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស។

ចំណែកកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា (Cambodia-ASEAN Business Summit) ឆ្នាំ២០២៤ ធ្វើឡើង​ក្រោមមូលបទ «បញ្ចេញសក្តានុពលអាស៊ាន៖ ការតភ្ជាប់ បច្ចេកវិទ្យា និងកំណើនប្រកបដោយ​បរិយាប័ន្ន (Unleashing ASEAN's Potential: Connectivity, Technology, and Inclusive Growth)»។ កិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា មានគោលដៅជំរុញសក្តានុពលអាស៊ាន ដែលកម្ពុជា គឺជាចំណុច​ស្នូល និងលើកយកប្រធានបទសំខាន់ៗមកជជែកពិភាក្សារួមមាន៖ តំណភ្ជាប់ខ្សែបញ្ជូនថាមពលអាស៊ាន ចីរភាពនិងថាមពលកកើតឡើងវិញរបស់អាស៊ាន, កម្ពុជា គឺជាច្រកទ្វារទៅកាន់អាស៊ាន និង ការប្រើប្រាស់​បច្ចេក​វិទ្យាដើម្បីកំណើនប្រកបដោយបរិយាប័ន្ន៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង