ភ្នំពេញ៖ ស្ពានអាកាស«មរតកតេជោ»ចំណុចប្រសព្វរវាងមហាវិថី សម្តេចតេជោ ហ៊ុន សែន មហាវិថីព្រះមុនីវង្ស និង មហាវិថីកងយោធពលខេមរភូមិន្ទ ស្ថិតនៅខណ្ឌមានជ័យ និង ខណ្ឌចំការមន រាជធានីភ្នំពេញ បានដាក់ឱ្យដំណើរការក្នុងដំណាក់កាលទី១ នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤នេះ។
ស្ពានអាកាសចំណុចប្រសព្វផ្លូវបីសំខាន់ក្បាលថ្នល់ ឬគម្រោង«ស្ពានអាកាស មរតកតេជោ» បានដាក់ឱ្យដំណើរការជាផ្លូវការនៅថ្ងៃនេះ ហើយស្ពាននេះជាសមិទ្ធផលថ្មីបន្ថែមទៀត ក្នុងការសម្រួលដល់ការកកស្ទះចរាចរដ៏មមាញឹកនៅរាជធានីភ្នំពេញ ហើយក៏នឹងជាចំណុចប្រសព្វដ៏សំខាន់ឆ្ពោះទៅកាន់អាកាសយានដ្ឋានអន្តរជាតិតេជោ(TIA) (ភ្នំពេញថ្មី)។
គម្រោង«ស្ពានអាកាស មរតកតេជោ» គឺជាស្នាដៃសាងសង់ដោយក្រុមអ្នកជំនាញកូនខ្មែរ និង គម្រោងប្លង់សាងសង់ដោយប្រទេសចិន នៅប្រមាណជា១៥ថ្ងៃទៀត ស្ពានអាកាសថ្មីនេះនឹងដាក់ឱ្យដំណើរការដំណាក់កាលទី១ ហើយបច្ចុប្បន្នក្រុមអ្នកជំនាញជាកូនខ្មែរបានរំលេចដោយផ្កាដាំជាជួរតាមបង្កាន់ដៃស្ពាន ដើម្បីលើកសោភ័ណភាពក្នុងរាជធានីភ្នំពេញ។
គួរបញ្ជាក់ថា រដ្ឋាភិបាល សម្រេចប្រសិទ្ធនាមស្ពានអាកាស ត្រង់ចំណុចប្រសព្វរវាងមហាវិថី សម្តេចតេជោ ហ៊ុន សែន មហាវិថីព្រះមុនីវង្ស និងមហាវិថីកងយោធពលខេមរភូមិន្ទ ស្ថិតនៅខណ្ឌមានជ័យ និងខណ្ឌចំការមន រាជធានីភ្នំពេញ ជា«ស្ពានអាកាស មរតកតេជោ»។
គម្រោង«ស្ពានអាកាស មរតកតេជោ» ត្រូវបានសាងសង់ដោយក្រុមហ៊ុន OCIC កាលថ្ងៃទី ៣១ ខែសីហា ឆ្នាំ ២០២២ ចំណាយថវិកាជាង ៣៦លានដុល្លារ និង ចំណាយពេលសាងសង់ប្រមាណ៣ឆ្នាំ។ចំណែកដំណាក់កាលទី២ គ្រោងនឹងបញ្ចប់មុនចូលឆ្នាំ ប្រពៃណីជាតិ ឆ្នាំ២០២៥៕