ពោធិ៍សាត់៖ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចឱ្យរៀបចំដីប្រវែង៤គីឡូម៉ែត្រនៅផ្លូវអន្ទង់អាំងនៃតំបន់ភ្នំ១៥០០ ក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់ ទុកជាកន្លែងអភិរក្សព្រៃឈើសម្រាប់ទេសចរណ៍គយគន់ទស្សនា។ការសម្រេចនេះ ធ្វើឡើងក្នុងពេលសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាសម្ពោធឆ្លងព្រះបទុមចេតិយ និងសមិទ្ធផលនានានៅវត្តមណីរតនារាម ស្ថិតក្នុងសង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ នាថ្ងៃទី៣១ ខែមីនា។
សម្តេច ហ៊ុន ម៉ាណែត បានថ្លែងថា ផ្លូវអន្ទង់អាំង ស្រុកវាលវែង ប្រវែងដី៤គីឡូម៉ែត្រគត់ (ដោយវាស់ត្រង់) ជាទីតាំងល្អសម្រាប់ប្រទេសកម្ពុជា ដែលណែនាំរក្សាឱ្យបានល្អ ទុកជាកន្លែងអភិរក្សព្រៃឈើសម្រាប់ទេសចរណ៍គយគន់ទស្សនា។
សម្ដេចថ្លែងយ៉ាងដូច្នេះថា «ខ្ញុំសូមឱ្យពិនិត្រឡើងវិញ ដើម្បីកែសម្រួល អភិវឌ្ឍកម្រិតណាក្នុងប្រវែងដី៤គីឡូម៉ែត្រ ហើយសងខាងត្រូវទុកជាតំបន់អភិរក្សធម្មជាតិសម្រាប់ប្រជាពលរដ្ឋ និង ទេសចរមកក្នុងស្រុកនិងក្រៅស្រុករាប់លាននាក់នៅតំបន់ភ្នំ១៥០០នេះ»។
ជាមួយគ្នានេះ សម្តេចបានព្រមានដងអាជ្ញាបណ្ណចំពោះក្រុមហ៊ុនដែលទទួលសិទ្ធិក្នុងការវិនិយោគក្នុងតំបន់នេះ ប្រសិនបើមិនគោរពតាមច្បាប់ការពារបរិស្ថាន ឬមិនអនុវត្តតាមគម្រោងរបស់ខ្លួន។សម្រាប់សម្តេច មិនជំទាស់ទេនឹងគោលគំនិតវិនិយោគ និងគាំទ្រដល់ការអភិវឌ្ឍ តែមិនត្រូវប៉ះពាល់ដល់ធម្មជាតិនោះទេ។តែការវិនិយោគខ្នាតតូចនេះ គឺដើម្បីថែរក្សាព្រៃឈើ សត្វព្រៃ និងផ្ដល់ប្រាក់ចំណូលដល់ប្រជាសហគមន៍ ដូច្នេះកិច្ចការនេះសម្ដេចបានបង្ហាញការគាំទ្រ ប៉ុន្តែក៏ត្រូវមានការត្រួតពិនិត្យពីមន្ត្រីជំនាញពាក់ព័ន្ធ។
គួរបញ្ជាក់ថា ភ្នំ១៥០០ គឺបង្ហាញសម្រស់នៅលើផ្លូវជាតិលេខ ៥៥ ក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់ដែលមានសម្រស់ស្រស់ត្រកាល ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់កាលពីថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២០ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេច ហ៊ុន សែន។តំបន់ទេសចរណ៍ធម្មជាតិភ្នំ១៥០០ ស្ថិតក្នុងស្រុកវាលវែងខេត្តពោធិ៍សាត់ ដែលជាខេត្តមួយ នៅភាគខាងលិចនៃប្រទេសកម្ពុជា កំពុងលាក់ខ្លួនបញ្ចេញសម្រស់ខៀវខ្ចីនៃរដូវវស្សា ហាក់អង្រួនចិត្តទេសចរគួរទៅស្គាល់ម្ដង៕